ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យបានបដិសេធចំពោះការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាដែលនិយាយថា មានគណបក្សនយោបាយចំនួនប្រាំមួយបានចងសម្ព័ន្ធភាពនឹងគ្នានោះ គឺពុំមែនជាការពិតឡើយ។
យោងតាមលិខិតបដិសេធរបស់លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ជាក់ថា គណបក្យកម្លាំងប្រជាធិបតេយ្យសូមបដិសេធចំពោះពាក្យសំដីរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណ បក្សកែទម្រង់កម្ពុជា ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីគណបក្សនយោបាយចំនួនប្រាំមួយ ដែលបានចងសម្ព័ន្ធភាពនឹងគ្នា។ យោងទៅលើខ្លឹមសារនិងអត្ថន័យនៅក្នុង ការចុះផ្សាយជាសាធារណៈ និងការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំមានការពិតនោះឡើយ។គណបក្យកម្លាំងប្រជាធិតយ្យពុំដែលមានទំនាក់ទំនងឬបញ្ជូនថ្នាក់ដឹកនាំរបស់គណបក្សទៅចូលរួមប្រជុំ ដើម្បីស្វែងយល់ពីការចងសម្ព័ន្ធភាពនឹងគ្នានោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន(រូបថត ឯកសារ)
សូមជម្រាបថា គណបក្សនយោបាយចំនួនប្រាំមួយ ដែលលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានអះអាងថា ចងសម្ព័ន្ធភាពនឹងគ្នាដើម្បីត្រៀមបង្កើតគណបក្សធំមួយ មានដូចជាៈ ១. គណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឫទ្ធិ។ ២. គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ។ ៣. គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន។ ៤. គណបក្សភ្លើងទៀន ។ ៥. គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារម្យ និងទី៦. គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន៕សរន