ដោយៈម៉េងឆៃ / ភ្នំពេញៈ ចាប់ពីថ្ងៃទី១៥កុម្ភៈតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប.) ចាប់ផ្តើមការងាររបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដោយចាប់ផ្តើមចុះឈ្មោះអ្នកសង្កេត ការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។ តាមកម្មវិធីដែលបានគ្រោងទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
តាមប្រតិទិនចាប់ពីថ្ងៃទី១៥កុម្ភៈ ដល់ថ្ងៃទី២៥ឧសភា ឆ្នាំ២០២២ គ.ជ.ប. ទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ក៏អាចចុះឈ្មោះនៅគ.ជ.ប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
ចំណែកការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដោយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត គឃ.សប នឹងធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
គ.ជ.ប. នឹងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំសង្កាត់ ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ហើយការឃោសនាបោះឆ្នោតឃុំសង្កាត់ នឹងធ្វើឡើង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផល នៅការិយាល័យបោះឆ្នោតនិមួយៗ។ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នឹងត្រូវបិទផ្សាយភ្លាមៗ នៅថ្ងៃបោះឆ្នោត នាថ្ងៃទី៥មិថុនា ហើយគជប នឹងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២២។ ចំណែកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ នៃការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត។ ក្នុងនោះ ប្រសិនបើមានករណី ត្រូវបោះឆ្នោតសាជាថ្មី គឺនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយ។
ការចេញដំណើររបស់គជប លើដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ធ្វើឡើងខណៈដែលគណបក្សនយោបាយជាច្រើន ក៏បានចុះមូលដ្ឋាន ប្រជុំថ្នាក់ដឹកនាំ ដាក់ចេញគោលនយោបាយ និងរៀបចំបេក្ខជន សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោត។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ មានគណបក្សនយោបាយទាំងចាស់ទាំងថ្មី សរុបចំនួន ៤៥គណបក្ស បានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោមគណបក្សទាំង ៤៥នេះ មានគណបក្សបង្កើតថ្មី ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួន ១៣គណបក្ស ហើយគណបក្ស ដែលគេដឹងថា កើតចេញពីអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មានយ៉ាងហោចណាស់ ៥គណបក្ស រួមមាន៖ ១-គណបក្សឆន្ទៈខ្មែរ ដែលលោក គង់ គាំ ចូលរួមដឹកនាំជាមួយកូនប្រុសពៅរបស់លោក ២-គណបក្សខ្មែរអភិរក្ស របស់ក្រុមលោក រៀល ខេមរិន្ទ្រ ៣-គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា និងលោក កង គឹមហាក់ ៤-គណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម និង៥-គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ។
គណបក្សនយោបាយទាំងចាស់ ទាំងថ្មីជាច្រើន បានធ្វើសកម្មភាព ចុះពង្រឹងមូលដ្ឋាន ប្រជុំរៀបចំបេក្ខជនជាបណ្តើរៗ។ ក្នុងនោះ គណបក្សបង្កើតឡើងថ្មីៗនេះ ចេញពីអតីតគណបក្សប្រឆាំងសង្គ្រោះជាតិ ក៏មានសកម្មភាពផុសផុល លើកស្លាក និងប្រមូលសកម្មជនអ្នកគាំទ្រនៅមូលដ្ឋានយ៉ាងច្រើនដែរ។
ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មានគណបក្សនយោបាយ ចំនួន ៧ចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ក៏ប៉ុន្តែក្រោយការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺនៅក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ចំនួនគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត កើនឡើដល់ ២០គណបក្ស។ តែក្នុងចំណោមគណបក្សទាំង ២០នោះ មិនទាន់មានអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចេញទៅបង្កើតគណបក្សនយោបាយនៅឡើយទេ។
ដូច្នេះក្នុងពេលគ.ជ.ប. ចេញដំណើររៀបចំការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ គណបក្សនយោបាយជាច្រើន ទាំងថ្មីទាំងចាស់ បានចេញដំណើរយូរខែមកហើយ ដើម្បីរៀបចំពង្រឹងនៅមូលដ្ឋានឃុំសង្កាត់។ ប៉ុន្តែទាល់តែដល់ថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ ទើបគេដឹងថា មានគណបក្សប៉ុន្មាន ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ លើកនេះ។ តែគេរំពឹងថា ក៏មិនតិចជាងឆ្នាំ២០១៧ ឡើយ ព្រោះគ្រាន់តែអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បានចេញទៅបង្កើតគណបក្ស ដែលច្បាប់ទទួលស្គាល់ មានដល់ទៅប្រាំគណបក្សរួចទៅហើយ៕