ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំកណ្តុរនៅពេលឈានដល់ខែ មីនាខាងមុខដួងរាសីបានត្រឡប់មកធ្លាក់ស្រុតចុះវិញ ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាលំបាកត្រូវឆ្លងកាត់ច្រើន។ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការបោះជំហានទៅមុខលឿននិងធ្វើអ្វីក៏ទទួលផលគ្រាន់គាប់ចិត្តដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកអាចមានទំនាស់ទាស់ទែង មានរឿងឧប្បត្តិហេតុ ឬ មានរឿងមិនសប្បាយចិត្តច្រើនរឿង។ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និងពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័ស និងងាយបាក់បែកណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយថែមទៀត។ការប្រកបការងារ លោកអ្នកត្រូវចេះអត់ឱនឱ្យគ្នា និងមិនត្រូវមើលកំហុសគ្នាទើបបានសុខស្រួលផ្លូវចិត្តជាងនេះ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។
គូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពស្និទ្ធស្នាលដូចប្រក្រតី ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។កិច្ចការងារហាក់ទទួលរងសម្ពាធដែលធ្វើឱ្យជួបស្ថានភាពលំបាកមួយចំនួន និងកិច្ចការងារទៀតសោតក្រុមមនុស្សចាំតាមមើលកំហុសក៏ច្រើនដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីមិនត្រូវឆាប់ជឿពាក្យអុជអាលក្រុមមនុស្សពេកឡើយប្រយ័ត្នទទួលរងផលលំបាកអ្វីមួយនាគ្រាខាងមុខ។ថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះយកល្អលោកអ្នកគប្បីធ្វើការងារនៅនឹងកន្លែងឬកិច្ចការងារជិតៗពីព្រោះងាយជួបប្រទាំងប្រទើសនិងមានភ្លើងក្រហមរង់ចាំជានិច្ច។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងការងារចាស់ថ្មីនិងការធ្វើអ្វីមួយមានការភ្លាំងភ្លាត់តិចតួចថែមទៀត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីពេញចិត្ត។
ចំពោះគូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំរកា
រាសីស្រុតចុះ។ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ទិញផ្ទះសម្បែង លេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរការងារអ្វីមួយផង។ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅជួបភាពប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។ក្នុងការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នការបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើនព្រោះតែភាពរកាំចិត្តកើតមានច្រើន៕