ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបានចាប់ខ្លួនអតីតប្រធានាធិបតីហុងឌូរ៉ាសលោក វ័ន អ័រលែនដូ ហឺណង់ដេស (Juan Orlando Hernandez)នៅផ្ទះរបស់គាត់កាលពីថ្ងៃអង្គារទី១៥កុម្ភៈ បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលអាម៉េរិកសម្រាប់ការធ្វើបត្យាប័នគាត់លើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងអាវុធ។
ការចាប់ខ្លួននេះបានកើតឡើងតិចជាងបីសប្តាហ៍បន្ទាប់ពីលោកហឺណង់ដេសបានចាកចេញពីតំណែងនិងបន្ទាប់ពីការចោទប្រកាន់ជាច្រើនឆ្នាំដោយរដ្ឋអាជ្ញាអាម៉េរិកអំពីការជាប់ពាក់ព័ន្ធរបស់គាត់ជាមួយអ្នកជួញដូរគ្រឿងញៀន។
លោកហឺណង់ដេសបានចាកចេញពីផ្ទះរបស់គាត់ជាមួយប៉ូលិសអមជុំជិត ដោយដៃនិងជើងបានជាប់ច្រវាក់ និងពាក់អាវការពារគ្រាប់កាំភ្លើង។ គាត់បានចូលទៅក្នុងរថយន្តប៉ូលិស ហើដឹកចេញទៅបាត់។ ឧទ្ធម្ភាគចក្រប៉ូលិសដែលរង់ចាំនៅក្បែរនោះបានហោះអមដំណើរក្បួនរថយន្ត។
អ្នកនាំពាក្យតុលាការលោក មែលវីន ឌូអាត (Melvin Duarte) បាននិយាយថា តុលាការកំពូលបានតែងតាំងចៅក្រមម្នាក់កាលពីព្រឹកថ្ងៃអង្គារដើម្បីដោះស្រាយរឿងក្តីនេះហើយប៉ុន្មានម៉ោងក្រោយមក ចៅក្រមបានចុះហត្ថលេខាលើដីកាបង្គាប់ឱ្យចាប់ខ្លួនលោកហឺណង់ដេស។ ក្រសួងសន្តិសុខ ដែលដាក់ប៉ូលិសព័ទ្ធជុំវិញផ្ទះរបស់លោកហឺណង់ដេសតាំងពីល្ងាចថ្ងៃចន្ទបានចូលចាប់ខ្លួនគាត់ភ្លាមៗតែម្តងនៅពេលមានដីកា។
រដ្ឋមន្ត្រីសន្តិសុខហុងឌូរ៉ាស់លោក រ៉ាម៉ុន សាប៊ីលឡុន (Ramón Sabillón) ដែលត្រូវបានលោកហឺណង់ដេសបណ្តេញចេញពីតំណែងមេប៉ូលិសជាតិក្នុងឆ្នាំ ២០១៤ បាននិយាយថាលោកហឺណង់ដេសបានឃុបឃិតជាមួយក្រុមជួញដូរគ្រឿងញៀននិងធ្វើឱ្យមានអំពើពុករលួយនៅស្ថាប័នសាធារណៈជាច្រើន ដែលនាំឱ្យសង្គមកាន់តែយ៉ាប់យ៉ឺននិងធ្វើឱ្យខូចដល់ការអនុវត្តយុត្តិធម៌នៅប្រទេសហុងឌូរ៉ាស។
លោកបាននិយាយថា ការចោទប្រកាន់សំខាន់ៗដែលលោកហឺណង់ដេសប្រឈមមុខនៅសហរដ្ឋអាម៉េរិកគឺការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធសម្រាប់ការជួញដូរគ្រឿងញៀន និងការសមគំនិតក្នុងការប្រើប្រាស់អាវុធក្នុងការជួញដូរគ្រឿងញៀន៕
លោកហឺណង់ដេស ដៃជើងជាប់ច្រវាក់ឈរនៅកណ្តាល ក្នុងពេលប៉ូលិសនាំមកបង្ហាញខ្លួនក្នុងសន្និសីទកាសែតនៅស្នាក់ការប៉ូលិសរដ្ឋធានីរបស់ហុងឌូរ៉ាសកាលពីថ្ងៃអង្គារ