ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់​ចាប់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សិលា កាលពី​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ទំនើប ១​គ្រឿង​នៅ​ចំណុច​ក្រុមហ៊ុន ឆៃ​ណា​ថោ​ន ស្ថិតនៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​បាន លួច​យ​រថយន្ត ០១​គ្រឿង ម៉ាក AUDI Q7 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BM-6235 ចេញពី​ក្រុមហ៊ុន ឆៃ​ណា​ថោ​ន ដោយបាន​បើករថយន្ត​បុក​បំបាក់​ប៉ា​រាស់​សន្តិសុខ ដែល​ដាក់​ត្រួតពិនិត្យ​នៅ​ច្រកចេញ​-​ចូល រួច​ជិះ​គេចខ្លួន​តែម្តង ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា លោក​បានដាក់​បទបញ្ជា​ឱ្យ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ឲ្យ​ដាក់​កម្លាំង​ចាំ​ស្ទាក់ចាប់​ជនសង្ស័យ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ លុះ​រហូតដល់​វេលា​ម៉ោង​១៣​និង​៣០​នាទី ជនសង្ស័យ​បាន​ជិះ​រថយន្ត​ដែល​លួចបាន ឆ្លងកាត់​ប៉ា​រាស់​កម្លាំង​សមត្ថកិច្ច​យើង ដែល​ដាក់​ចាំ​ស្ទាក់ចាប់​ជនសង្ស័យ​នៅ​ចំណុច​ឃុំ​វាលរេញ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ ថែមទាំង​បាន​ជិះ​បំ​បុក​ប៉ា​រាស់​កម្លាំង​សមត្ថកិច្ច​យើង រួច​បន្ត​ជិះ​គេចខ្លួន លុះដល់​ចំណុច​ឃុំ​ស្ទឹ​ក​ឆាយ ជនសង្ស័យ​បាន​ជិះ​បំ​បុក​ប៉ា​រាស់​របស់​កម្លាំង​សមត្ថកិច្ច​យើង​ទៀត ហើយ​ជនសង្ស័យ​បាន​បន្ត​ជិះ​គេចខ្លួន​រហូតដល់​ស្រុក​កំពុង​សិលា ទើប​កម្លាំង​សមត្ថកិច្ច​យើង​ស្ទាក់ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នោះបាន ។​

​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​