ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក គិស៊ិ ណូប៊ុអូ ( KISHI Nobuo ) រដ្ឋមន្ត្រីការពារ ជាតិជប៉ុន បានបង្ហាញការគាំទ្រ ចំពោះតួនាទីកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ហើយឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យ ជ្រាលជ្រៅ សម្រាប់ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការ របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅជប៉ុន នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត យ៉ាងពិតប្រាកដ។
ការបង្ហាញពីការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយកិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើគោលបំណងរួម កម្ពុជា-ជប៉ុន ក្នុងការបន្តពង្រឹងទំនាក់ទំនង ប្រកបដោយសក្តានុពល រវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក KISHI Nobuo អំពីលទ្ធផល នៃកិច្ចពិភាក្សាជាមួយលោក អគ្គមេបញ្ជាការ កងកម្លាំងស្វ័យការពារជប៉ុន និងលោក មេបញ្ជាការ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងបានស្នើសុំការគាំទ្រ លើការបន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏ដូចជា ការជំរុញឱ្យ ទំនាក់ទំនងនេះ បានឈានឡើង ដល់កម្រិតខ្ពស់ឡើង បន្ថែមទៀត។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងបានគាំទ្រ លើសំណើផ្តួចផ្តើមនានា របស់កម្ពុជា ពាក់ព័ន្ធនឹងការពង្រឹង សមត្ថភាពធនធានមនុស្ស លើជំនាញសំខាន់ៗ មួយចំនួន ដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជា នឹងក្លាយដៃគូដ៏ល្អ ក្នុងការចូលរួមចំណែក ដល់ការពង្រឹង និងថែរក្សាសន្តិភាព នៅក្នុងតំបន់។
លោក រដ្ឋមន្ត្រីការពារជាតិជប៉ុន និងលោក មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ក៏បានចូលរួម សម្តែងការអបអរសាទរ ចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យ ការពារជើងគោកជប៉ុន ជាលើកដំបូង ចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជា ក៏កំពុងបំពេញតួនាទី ជាប្រធានអាស៊ាន ផងដែរ៕/V