ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនប្រហែល ៥ លានភាគហ៊ុនដែលមានតម្លៃប្រហែល ៥,៧ ពាន់លានដុល្លារដល់អង្គការសប្បុរសធម៌ដែលមិនបញ្ចេញឈ្មោះកាលពីខែវិច្ឆិកា នេះបើយោងតាមឯកសារច្បាប់មួយ។
ឯកសារទៅកាន់គណៈកម្មការមូលបត្រអាម៉េរិកបាននិយាយថា ភាគហ៊ុននេះត្រូវបានបរិច្ចាគពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។
កាលពីចុងខែតុលា លោកម៉ាស ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក បានបង្ហោះសារលើ Twitterថា លោកនឹងលក់ភាគហ៊ុន Tesla ចំនួន ៦ ពាន់លានដុល្លារហើយផ្តល់ប្រាក់ឱ្យទៅអង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ប្រសិនបើអង្គការនេះអាចពណ៌នាពីរបៀបដែលលុយនេះអាចជួយដោះស្រាយបញ្ហាអត់ឃ្លានលើពិភពលោកបាន។ ប៉ុន្តែឯកសារនេះមិនបានប្រាប់ថាអ្នកទទួលជានរណានោះទេ។
លោក ដេវីត ប៊ីស្លី (David Beasley) ជានាយកប្រតិបត្តិអង្គការ WFP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អង្គការមិនទាន់ទទួលបានអ្វីពីលោកម៉ាសនៅឡើយទេ។ លោកប៊ីស្លីបាននិយាយថា “មានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងស្ថិតក្នុងភាពអត់ឃ្លាន។ ថាតើអង្គការ WFP បានទទួលប្រាក់ណាមួយហើយឬនៅនោះ គឺមិនទាន់ដឹងទេប៉ុន្តែខ្ញុំពិតជារំភើបណាស់ដែលបានទទួលដំណឹងថា លោកម៉ាសបានចូលរួមចំណែក។ នេះគឺជាជំហានដំបូងដ៏អស្ចារ្យ”៕
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស