ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិ ដែលកំពុងតែប្រព្រឹត្តទៅនេះ បានបង្ហាញថា កីឡាករ វ័យក្មេងៗជាច្រើន បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ។
មានអ្នកប្រដាល់រៀមច្បងមួយចំនួន ត្រូវបានអ្នកប្រដាល់ ដែលគេមិនធ្លាប់ស្គាល់ឈ្មោះ បង្ក្រាបបាន។ អ្នកប្រដាល់ វ័យក្មេងទាំងនេះ ពុំធ្លាប់មានឱកាសឡើងប្រកួត តាមបណ្ដា ស្ថានីយ៍ទូរទស្សន៍នានា នៅរាជធានីភ្នំពេញឡើយ។ តែតាមរយៈការប្រកួតជើងឯកជាតិ នេះ បានធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
លោក ម៉ិល កាដូ ដែលជាអនុប្រធានសហព័ន្ធ បានបញ្ជាក់ថាៈ ពួកគេ មានវ័យក្មេងៗមែន តែពួកគេ សុទ្ធជាអ្នកខ្លាំង តំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្តរបស់គេ។ មុននឹងឡើង មកប្រកួតជើងឯកជាតិនេះ ពួកគេសុទ្ធតែបានឆ្លងកាត់ ការប្រកួតជម្រុះ ជាមួយបណ្ដាអ្នកខ្លាំងនានា នៅក្នុងសមាគម ក្រសួង រាជធានី ខេត្ត របស់ពួកគេ ។
លោកបានបន្តថាៈ តាមរយៈ ការប្រកួតនេះ សហព័ន្ធ នឹងរកបានធនធានកីឡាករវ័យក្មេង ដែលមានគុណភាពល្អ កាន់តែច្រើនឡើងៗ ជាមិនខានឡើយ។ ការប្រកួតជើងឯកជាតិ គឺជាឱកាសតែមួយគត់ សម្រាប់កីឡាករ វ័យក្មេងៗ បញ្ចេញនូវសមត្ថភាពរបស់ខ្លួន។ បន្ទាប់ពីការប្រកួតនេះទៅ ពួកគេនឹងក្លាយជាគូសំខាន់ៗ សម្រាប់បណ្ដាស្ថានីយ៍ ទូរទស្សន៍នានា ដែលមានកម្មវិធីប្រដាល់ ។
បើតាមលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នោះថា សម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាពាក់កណ្ដាល ឆ្នាំ២០២២ នេះ ប្រដាល់គុនខ្មែរ នឹងស្វែងរកមេដាយ ឲ្យបានល្អជាងស៊ីហ្គេមលើកទី៣០ នៅប្រទេស ហ្វីលីពីន។ ជាមួយគ្នានេះដែរ សហព័ន្ធ បានដាក់គោលដៅស្វែងរក មេដាយមាស ឲ្យបានចំនួន ៣ គ្រឿង សម្រាប់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកប្រមុខសហព័ន្ធប្រដាល់គុនខ្មែររូបនេះបានបញ្ជាក់ថាៈ ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ លោកពិតជាមានការចាប់អារម្មណ៍ ចំពោះកីឡាករ វ័យក្មេងៗមែន។ លោកចាត់ ទុកថា ពួកគេ ជាធនធានស្រករក្រោយ ជាទីសង្ឃឹម របស់សហព័ន្ធសម្រាប់ការចូលរួម ប្រកួត ក្នុងក្របខ័ណ្ឌស៊ីហ្គេម និងការប្រកួត ជាលក្ខណៈអន្តរជាតិនានា។
លោកបានបញ្ជាក់ថាៈ ឆ្នាំ២០២៣ កម្ពុជា នឹងកាន់តែមានអ្នកប្រដាល់ល្អៗ ប្រកបដោយគុណភាព កាន់តែច្រើនឡើងៗ ហើយអ្វីដែលជាគោលដៅ ស្វែងរកមេដាយមាស ៣ គ្រឿង នាឆ្នាំ២០២៣ កាន់តែស្ថិតក្នុងក្ដីស្រមៃ និងការមានជំនឿចិត្ត កាន់តែ ខ្លាំង ៕/V