ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុនថាជាលក្ខណៈពិសេស មួយនៃលក្ខណៈពិសេសផ្នែកការទូតក្នុងទំនាក់ទំនងរវាងប្រទេសពីរ ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជាមួយនឹងការយកចិត្តទុកដាក់ទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលសម្តេចយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនៅក្នុងវិស័យយោធារាប់ទាំងការធ្វើសមយុទ្ធរួមគ្នានៅក្នុងប្រទេសកម្ពុជាផងដែរ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃចំពោះទំនាក់ទំនងនេះនៅក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែងដែល ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ៣៥ លានដុល្លារអាមេរិក ស្ថិតនៅក្នុងខេត្តព្រៃវែងនិងក្រចេះ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លេងថា៖«ខ្ញុំសូមបញ្ជាក់ឡើងវិញបន្តិចថាអ្វីដែលយើងបាននិងកំពុងទទួលផលនេះគឺវាជាចំណែកនៃទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុនដែលខ្ញុំរួមជាមួយមេដឹកនាំជប៉ុនជាពិសេសអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលជំរុញទំនាក់ទំនងដៃគូររវាងប្រទេសទាំងពីរឱ្យដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ» ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ឆ្នាំនេះជាខួបលើកទី ៦៩ នៃទំនាក់ទំនងកម្ពុជា ជប៉ុន ហើយក៏ជាខួបលើកទី៣០នៃថ្ងៃដែលកងទ័ពស្វ័យការពារជប៉ុនចេញមក រក្សាសន្តិភាពជាលើកដំបូងនៅក្រៅប្រទេស,ហើយមកកម្ពុជាតែម្ដង ។ ហេតុដូច្នេះហើយបានជាឆ្នាំនេះយើងមានដំណើរទស្សនកិច្ចទៅវិញទៅមកខ្ញុំបានចុះបញ្ជីហើយ នៅគម្រោងទទួលរដ្ឋមន្ត្រីការបរទេសជប៉ុនមកទស្សនកិច្ចនៅកម្ពុជា ។

សម្តេចតេជោបានបន្តថាឥឡូវនេះក៏កំពុងមានទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅកាន់ប្រទេសជប៉ុន ។ សម្តេចបានយកការនេះថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុនចំពោះមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ឬ និយាយមួយបែបថាជាកូនប្រុសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេ ជោបានសង្កតធ្ងន់ថា៖«ក្នុងស្ថានភាពកូវីដ១៩ បានបង្កើតនូវស្ថានភាពដ៏លំបាកក្នុងការថ្វើដំណើរវាមិនងាយស្រួលទេ ក៏ប៉ុន្តែជប៉ុនបានបញ្ជូនយន្តហោះពិសេសមួយមក ទទួលយកហ៊ុនម៉ាណែតនិងគណៈប្រតិភូទៅកាន់ប្រទេសជប៉ុនហើយថ្ងៃស្អែកនេះហ៊ុនម៉ាណែតអាចនឹងវិលត្រឡប់មកកាន់កម្ពុជាវិញអ្វីដែលខ្ញុំថាវាជាចំណុចពិសេស មួយទៀតទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកក៏ប៉ុន្តែពេលទៅដល់ត្រូវបានទទួលធ្វើសាវនាការនិងពិភាគ្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន។ម្សិលមិញ នេះមានការជួបជាមួយមេបញ្ជាការកងទ័ពជើងគោក,អគ្គមេបញ្ជាការនិងរដ្ឋមន្ត្រីការពារជាតិជប៉ុន ហើយនៅព្រឹកនេះបើតាមការឲ្យដឹងរបស់កូនប្រុសខ្ញុំ នឹងជួបជាមួយ នឹងនាយករដ្ឋមន្ត្រីជប៉ុន…» ។

សម្តេចតេជោបន្តថា៖«ខ្ញុំពិតជាមានការអរគុណជាមួយនឹងកាយវិការក្នុងការទំនាក់ទំនងជាមួយនឹងមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ដែលក្នុងនោះគេជាកូន ប្រុសរបស់ខ្ញុំ,ចំណុចគួរកត់សម្គាល់ម៉ាណែតបានជួបនាយករដ្ឋមន្ត្រីជប៉ុន ៣ រូបរួចមកហើយ,បានសេចក្តីថានាយករដ្ឋមន្ត្រីជប៉ុន ៣ រូបហើយដែលបានផ្តល់កិត្តិយស សម្រាប់ហ៊ុនម៉ាណែតទីមួយនៅខ្ទងឆ្នាំ ២០១០ ពេលនោះនាយករដ្ឋមន្ត្រីជប៉ុនលោក ហាតូយ៉ាម៉ា បានអញ្ជើញនិងទទួលហ៊ុនម៉ាណែត ។ ឆ្នាំ ២០១៦ នៅពេលប្រជុំ អាស៊ីអឺរ៉ុបនៅប្រទេសមុងហ្គោលីលោក ស៊ីនហ្សូ អាបេ ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន,ទើបឆ្នាំ ២០១៨បានហ៊ុនម៉ាណែតបំពេញទស្សន កិច្ចហើយបានជួបសវនាការនិងទទួលដោយលោកនាយករដ្ឋមន្ត្រី shinzo abe ។ លើកនេះទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាប៉ុន្តែត្រូវបានទទួលជួប សវនាការដោយនាយករដ្ឋមន្ត្រីជប៉ុនអាចចាត់ទុកថាជាលក្ខណៈពិសេសមួយនៃលក្ខណៈពិសេសផ្នែកការទូតក្នុងទំនាក់ទំនងរវាងប្រទេសពីរ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖សម្តេចសូមថ្លែងអំណរគុណជាមួយនឹងការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលស្តេចយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនៅក្នុងវិស័យយោធារាប់ទាំងការធ្វើសមយុទ្ធរួមគ្នាបើកសិនជាមានការចាំបាច់ធ្វើសមយុទ្ធលើទឹកដីកម្ពុជា ។ ប៉ុន្តែអ្វីដែលស្តេចចង់បានគឺសមយុទ្ធណាក៏ដោយគួរតែផ្ដោតទីមួយទប់ស្កាត់ឬក៏ជួយសង្គ្រោះគ្រោះមហន្តរាយទី២ គឺប្រឆាំងភេវរកម្មនេះគឺជាសមយុទ្ធដែលសម្តេចចង់បានប៉ុន្តែសមយុទ្ធវ៉ៃគ្នាគឺសម្តេចមិនចង់បានទេ ។សម្តេចបានគូសបញ្ជាក់ថា សមយុទ្ធសង្គ្រោះទាក់ទងនឹងការសង្គ្រោះគ្រោះមហន្តរាយដូចជារាំងស្ងួត,ភ្លើងឆេះព្រៃ,ទឹកជំនន់ឬធ្លាក់យន្តហោះឬឧបសគ្គឧបទ្ទវហេតុអ្វីក៏ ដោយដែលយើងនឹងជជែកគ្នានៅក្នុងដំណើរឆ្ពោះទៅមុខរបស់យើងនៅក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ។

សម្ដេច​តេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា៖ស្ពានទាំងអស់នេះគឺជាផ្លែផ្ការវាងកម្ពុជានិងជប៉ុនដែលបានឈានដល់ដៃគូយុទ្ធសាស្ត្រ ។ សម្តេចតេជោបាន បន្តថាជប៉ុនបានជួយកម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាពផងនិងក៏បានជួយកម្ពុជាក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសទៀតផងដែលរហូតមកដល់ពេលនេះមានថវិកាប្រមាណ ១,៤០០លានដុល្លារហើយស្ពានធំៗឆ្លងកាត់ទន្លេមេគង្គដែលមានស្ពានគីហ្សូណា នៅឯខេត្តកំពង់ចាម និងស្ពានអ្នកលឿង ឬត្សឹបាសា។ ដូច្នេះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ក៏ដូចជាវិស័យដទៃទៀតជប៉ុនបានជួយច្រើនណាស់។

បើតាមសម្តេចតេជោសម្តេចបានដាក់កម្មវិធីរួមគ្នាមួយសម្រាប់ការបើកការដ្ឋានសាងសង់ស្ថាបនាបន្ថែមអំពីការរំដោះទឹកស្អាតនៅទីក្រុងភ្នំពេញ ។ ដូច្នេះទោះបីសម្ដេច ទៅណាក៏ដោយត្រូវតែផ្ដល់កិត្តិយសចូលរួមសម្ពោធ ។រហូតមកដល់ពេលនេះមានអ្នករិះគន់ខ្លះបានលើកឡើងថារដ្ឋាភិបាលសម្តេចជារដ្ឋាភិបាលពូកែស្មុំ។សម្តេចតេជោ បានកូសបញ្ជាក់ថា៖ «ខ្ញុំពូកែសុំពិតមែន ប៉ុន្តែមិនបានយកទៅសង់ផ្ទះបាយរបស់ខ្ញុំទេ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យនិង អ្វីៗផ្សេងទៀត ដើម្បីបម្រើប្រជាជន»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថាការរីកចម្រើនរបស់កម្ពុជា​មួយ​ភាគមិន​អាច​កាត់​ផ្ដាច់ចេញពីជំនួយរបស់ជប៉ុនបានឡើយ។ជាមួយគ្នានោះសម្តេចបានយក ឱកាសនេះតាមរយៈឯកអគ្គរដ្ឋទូតជប៉ុនសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុនដែលជួយដល់កម្ពុជារហូតមក៕