ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ និងអាជីវករ ផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យ បានខ្ជាប់ខ្ជួន នូវវិធានការរបស់ ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូល ក្នុងផ្សារបន្លែច្បារអំពៅឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការ ផ្សារបន្លែច្បារអំពៅ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
លោក សាន់ ប៊ុនណា បានមានប្រសាសន៍ថាៈ អនុវត្តតាមការណែនាំ របស់រដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កុម្ភៈ កន្លងមកនេះ ពោលគឺ ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បានរីករាលដាល ចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែច្បាអំពៅ បានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូល ទាំង៩ ជាមួយនឹងការដាក់កន្លែង វាស់កំដៅ ជែល អាកុល សម្រាប់លាងដៃ ជាដើម នៅតាមច្រកទាំងអស់។ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ ត្រូវបង្ហាញកាតចាក់វ៉ាក់សាំង ។
បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌ លើកិច្ចការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាត ឲ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់ឡើយ ។
ដោយឡែក ចំពោះលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅវិញ ក៏បាន មានប្រសាសន៍បញ្ជាក់ស្រដៀងគ្នា និងគណៈកម្មការផ្សារបន្លែរច្បារអំពៅនេះដែរថាៈ ចំពោះអ្នកចេញ-ចូលផ្សារច្បារអំពៅ ដាច់ខាត ត្រូវតែអនុវត្តឲ្យបាននូវ វិធានការការពារ ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន ។ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានការរបស់ ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារ មិនអនុញ្ញាតឲ្យចូល ក្នុងផ្សារឡើយ។
លោកប្រធាន ក៏បានបញ្ជាក់ផងដែរថាៈ ក្នុងព្រឹត្តិការណ៍ នៃការរីករាលដាល ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរ ក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជន ចេញ-ចូលផ្សារ ថ្ងៃខ្លះ មានការថយចុះ ប្រមាណ ២០% ថ្ងៃខ្លះ ក៏ធម្មតាដែរ។ ទោះបីជា យ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វ ផ្សាយ តាមឧគ្ឃោសនស័ព្ទ ជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្ត ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន៕/V