ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: កម្មវិធីប្រកួតព្រឹត្តិការណ៍ AFF U-23 Championship បានប្រែប្រួលហើយដោយសារតែក្រុមឥណ្ឌូនេស៊ី និងក្រុមប្រទេសមីយ៉ាន់ម៉ាដកខ្លួនចេញពីការប្រកួតនោះ។
សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃនេះថា ពួកគេបានដកខ្លួនចេញពីពានរង្វាន់ AFF U-23 Championship 2022 ដោយសារផលវិបាកនៃជំងឺកូវីដ-១៩។
ជាផ្នែកមួយនៃវិធានការសុខភាពនិងសុវត្ថិភាពសម្រាប់ការប្រកួតដែលកំពុងដំណើរការ U-23 មីយ៉ាន់ម៉ា បានឆ្លងកាត់ការធ្វើតេស្តជាប្រចាំមុននិងក្រោយពេលមកដល់កម្ពុជា។ បន្ទាប់ពីការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានក្នុងចំណោមកីឡាករមួយចំនួនការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដោយមីយ៉ាន់ម៉ា ដោយប្រកាសដកក្រុមរបស់ខ្លួនចេញពីការប្រកួត ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងបន្ថែមទៀត។ កីឡាករ និងបុគ្គលិកដែលត្រូវបានគេកំណត់ថា ជាអ្នកមានទំនាក់ទំនងជិតស្និទ្ធក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកផងដែរ។
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា លោកពិតជាការសោកស្តាយយ៉ាងខ្លាំង ដែលក្រុម U23 មីយ៉ាន់ម៉ា ដកខ្លួនចេញពីពានរង្វាន់ AFF U23 Championship។ ទោះជាយ៉ាងណាក៏ដោយ សុខភាព និងសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធ គឺមានសារសំខាន់បំផុត ហើយយើងយល់ច្បាស់អំពីការសម្រេចចិត្តដែលបានធ្វើឡើង។ យើងសូមជូនពរសមាជិកដែលរងផលប៉ះពាល់ បានជាសះស្បើយពេញលេញ និងឆាប់រហ័ស។
សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះចែកចេញជា៣ពូល ដែលពូល A កម្ពុជា ទីម័រខាងកើត ហ្វីលីពីន និង ប្រ៊ុយណេ។ ពូលB ដំបូងឡើយក៏មាន៤ក្រុមដែរ គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ឡាវ។ ពេលនេះបន្ទាប់ពីឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ាដកខ្លួនចេញបានធ្វើឲ្យពូល B មានតែ២ក្រុមប៉ុណ្ណោះ គឺម៉ាឡេស៊ី និង ឡាវ។ ចំណែកពូល C មាន៣ក្រុម គឺក្រុមថៃ វៀតណាម និង សឹង្ហបូរី ។
ក្នុងកម្មវិធីប្រកួតថ្មីគឺថ្ងៃទី១៤ កុម្ភៈ ដែលកន្លងមកទីម័រប្រកួតជាមួយហ្វីលីពីន និង កម្ពុជាប្រកួតជាមួយប្រ៊ុយណេ ថ្ងៃទី១៥ កុម្ភៈ ម្សិលមិញ ដែលត្រូវមាន២ប្រកួត ដែលជាការប្រកួតសម្រាប់ពូល B គឺម៉ាឡេស៊ីត្រូវជួបជាមួយមីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ីប្រកួតជាមួយឡាវ។ តែការប្រកួតថ្ងៃទី១៥ កុម្ភៈ ត្រូវបានលើកពេលដោយសារតែការដកខ្លួនចេញរបស់ក្រុមទាំង២នេះ ។ចំពោះកម្មវិធីប្រកួតថ្មីនោះថ្ងៃទី១៦ កុម្ភៈនេះ ថៃជួបជាមួយសឹង្ហបូរីដែលនេះជាការប្រកួតសម្រាប់ពូល C។ ថ្ងៃទី១៧ កុម្ភៈ ដែលជាការប្រកួតសម្រាប់ពូល A ប្រ៊ុយណេជួបជាមួយទីម័រខាងកើត និងហ្វីលីពីនជួបជាមួយកម្ពុជា។ ថ្ងៃទី១៨ កុម្ភៈ ដែលជាការប្រកួតសម្រាប់ពូល B ដែលមានតែមួយប្រកួតនោះ ឡាវជួបជាមួយម៉ាឡេស៊ី។ សម្រាប់ក្រុមទាំង២នេះ បើនរណាឈ្នះនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។ ថ្ងៃទី១៩ កុម្ភៈ សឹង្ហបូរី ជួបជាមួយវៀតណាម ថ្ងៃទី២០ កុម្ភៈ ដែលជាថ្ងៃប្រកួតបញ្ចប់ពូល A កម្ពុជាប្រកួតជាមួយទីម័រខាងកើត និងក្រុមហ្វីលីពីនជួបជាមួយប្រ៊ុយណេ។ ថ្ងៃទី២២កុម្ភៈដែលត្រូវប្រកួតបញ្ចប់ពូល C ក្រុមក្រុមវៀតណាមជួបជាមួយក្រុមថៃ។ ថ្ងៃទី២៤ កុម្ភៈ គឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ថ្ងៃទី២៦ កុម្ភៈ គឺជាការប្រកួតផ្ដាច់ព្រ័ត្ររកក្រុមជើងឯក ជើងឯករង និងក្រុមចំណាត់ថ្នាក់លេខ៣ ៕