ដោយៈប.ខុន/ភ្នំពេញៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះពិនិត្យ និងជម្រុញការសាងសង់ចំណតសម្រាប់រថយន្តរបស់ប្រជាពលរដ្ឋឈប់ ដើម្បីចុះថតរូបអនុស្សាវរីយ៍នៅចំណុចស្លាកខ្មែរធ្វើបាន ស្ថិតនៅចំណោទនៃមហាវិថីជំទាវម៉ៅ ដែលមានទេសភាពស្អាត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅពេលបន្ទាប់ពីត្រឡប់មកពីពិនិត្យការដ្ឋានសាងសង់ចំណតរថយន្ត និងសួនច្បារនៅចំណោទជំទាវម៉ៅ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការរៀបចំចំណតនៅចំណុចស្លាកខ្មែរធ្វើបាន គឺសម្រាប់រថយន្តរបស់ប្រជាពលរដ្ឋ និងរថយន្តក្រុងចតដើម្បីឱ្យអ្នកដំណើរចុះថតរូបអនុ ស្សារីយ៍។
ចំណតដែលកំពុងរៀបចំនេះលោកគួច ចំរើន បញ្ជាក់ថា អាចចតរថយន្តក្រុងបាន៣គ្រឿង និងរថយន្តតូចប្រមាណជា១០គ្រឿង ។ នៅកន្លែងស្លាកខ្មែរធ្វើបាន នេះមានស្ថាបនាសួនច្បារជារូបភាពផ្ការំដួលមួយទង និងដាំដោយដើមផ្ការំដួលចំនួន១២ដើម (ក្នុងប្លង់) នៅពីមុខស្លាកខែ្មរធ្វើបាន។
ទីតាំងសួនខ្មែរធ្វើបានស្ថិតនៅលើចំណោទនៃមហោវិថីជំទាវម៉ៅដោយនៅសងខាងជាជញ្ជាំងកូនភ្នំ និងម្ខាងជាឆកសមុទ្រកំពង់សោម (រាម) ដែលកំពុងមានការអភិវឌ្ឍ ជាទីតាំងសម្រាប់អ្នកទេសចរណ៍ថតរូបតាំងពីពេលមហាវិថីជំទាវម៉ៅមិនទាន់ធ្វើហើយមកម្ល៉េះ។ អ្នកទៅលេងសមុទ្រខេត្តព្រះសីហនុពេលនេះកម្រមានអ្នកណាទៅមកហួសកន្លែងនេះណាស់៕