ដោយ:ពៅនិមល/ភ្នំពេញ: លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងអនាគត។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩” កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ដែលមានការអញ្ញើញចូលរួមរបស់លោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងថ្នាក់ដឹកនាំមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមកពីវិស័យឯកជនសរុបប្រមាណ២០០រូប ដែលក្នុងនោះរួមមានក្រុមហ៊ុនកម្ពុជាប្រមាណ១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រីចំនួន ២៨ក្រុមហ៊ុន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះ នឹងផ្តល់ឱកាសឲ្យធុរជន និងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលសំខាន់ៗចំនួន៦ រួមមាន៖ ១.កសិកម្មនិងផលិតផលកសិកម្ម, ២.បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន, ៣.ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ, ៤.សេវាកម្មទេសចរណ៍, ៥.ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ និង៦.ផលិតផលកម្មន្តសាល។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈជំនួបនាពេលនេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជន នៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញ រវាងកម្ពុជានិងហុងគ្រី និងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
បើតាមការលើកឡើងរបស់តំណាងវិស័យឯកជននៅកម្ពុជា បានឲ្យដឹងថា ជំនួបនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ទៅលើលើវិស័យសក្តានុពលសំខាន់រួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម ធារាសាស្ត្រ និងឧស្សាហកម្មវិស័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រនិង ឱសថ និងកម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ១៦លានដុល្លារ ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សរុបមានជាង ៤លានដុល្លារ។ ដោយឡែក គិតត្រឹម ១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានចំនួនជាង ២លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួនជាង ២លានដុល្លារ។ ចំណែកឯការនាំចូលពីហុងគ្រីមានចំនួនជាង ៨២ម៉ឺនដុល្លារអាម៉េរិក៕