ដោយ: ពៅនិមល/ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ប្រតិបត្តិករប្រៃសណីយ៍ចំនួន ពីរក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្មពីពេលនេះតទៅ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ប្រតិបត្តិករប្រៃសណីយ៍ចំនួន ពីរក្រុមហ៊ុន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងទៀតថា ក្រុមហ៊ុនទាំងពីរនោះ រួមមាន៖ ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO.,LTD. និងក្រុមហ៊ុន HK TRANSPORTATION EXPRESS CO., LTD.។ ក្នុងនោះ ក្រសួងបានណែនាំដល់ក្រុមហ៊ុនទាំងនេះ ឲ្យបំពេញមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។
ក្រសួងបានបញ្ជាក់ទៀតថា កន្លងមក ក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ ឲ្យគោរពតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួន នៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវប្រឈមនឹងការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ៕