ដោយៈមុនីរ័ត្ន,សុផល/ភ្នំពេញៈលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបូរីកាលព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។
អ្នកតាមដានផ្នែកនយោបាយនៅកម្ពុជាកត់សម្គាល់ថា នេះជាជំនួបសារជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំ ទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក លី ស៊ានឡុង ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។
ប្រភពបញ្ជាក់ថា ជំនួបខាងលើភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលក្នុងនាមជាប្រទេសរួមសហគមន៍អាស៊ានតែមួយ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការស្វែងយល់ពីតម្រូវការរបស់ប្រជាជនវ័យក្មេងនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងក្របខ័ណ្ឌនៃការងារយុវជនរបស់ប្រទេសទាំងពីរ និងបានបង្ហាញជំហរក្នុងការពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន តាមរយៈការបង្កើនការផ្លាស់ប្តូរឱកាសជំនួប និងគម្រោងការងាររវាងយុវជនអ្នកបន្តវេនជំនាន់ក្រោយ។
ដោយឡែក នារសៀលថ្ងៃនេះ លោករដ្ឋមន្រ្តីការបរទេសសិង្ហបូរីក៏នឹងអញ្ជើញចូលជួបសវនការសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕សរន