ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាបានអំពាវនាវឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនៅថ្ងៃបុណ្យមាឃបូជាដែលត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២នេះ។

លើបណ្តាញសង្គមផ្លូវការ សម្តេចចក្រីបានបង្ហោះសារថា អនុមោទនា “បុណ្យមាឃបូជា”ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះជាពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យដ៏សំខាន់នៅក្នុង ព្រះពុទ្ធសាសនា ហើយប្រជាពុទ្ធបរិស័ទយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំរហូតមក។បុណ្យមាឃបូជាបានប្រារព្ធធ្វើឡើង តាមគន្លងព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជនាថៃ្ងទី១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។មាឃបូជាក៏ជាថ្ងៃរំលឹកដល់ការដាក់អាយុសង្ខារ ចូលព្រះបរិនិព្វានរបស់ព្រះពុទ្ធអង្គផងដែរ។

សម្តេចបានបន្តថា “ដោយសារយើងកំពុងស្ថិតនៅក្នុងការប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយការប្រារព្ធពិធីបុណ្យ មាឃបូជាក្នុងទ្រង់ទ្រាយធំពុំបានរៀបចំធ្វើឡើងដូចឆ្នាំមុនៗ ដែលមិនមានជំងឺរាតត្បាតកូវីដ-១៩នោះទេ។
ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វេសប្រហែសនឹងជំងឺកូវីដ-១៩ឡើយ”៕សរន