ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ របាយការណ៍បរិស្ថានរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៥កុម្ភៈ បាននិយាយថាការបំពុលដោយរដ្ឋនានានិងក្រុមហ៊ុនកំពុងរួមចំណែកដល់ការស្លាប់ទូទាំងពិភពលោកច្រើនជាងកូវីដ១៩ ដោយអំពាវនាវឱ្យមាន “សកម្មភាពជាបន្ទាន់និងពោរពេញដោយមហិច្ឆតា” ដើម្បីហាមឃាត់សារធាតុគីមីពុលមួយចំនួន។
របាយការណ៍នេះបាននិយាយថា ការបំពុលពីថ្នាំសម្លាប់សត្វល្អិត ប្លាស្ទិក និងកាកសំណល់អេឡិចត្រូនិក កំពុងបង្កឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ក៏ដូចជាការស្លាប់មុនអាយុយ៉ាងតិច ៩ លាននាក់ក្នុងមួយឆ្នាំ ហើយបញ្ហានេះភាគច្រើនត្រូវបានគេមើលរំលង។
យោងតាមវេបសាយប្រមូលទិន្នន័យ Worldometerបានឱ្យដឹងថា មេរោគកូរ៉ូណាបានបណ្តាលឱ្យមនុស្សស្លាប់ជិត ៥,៩ លាននាក់។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ដេវីត ប៊ូយ (David Boyd)បានសន្និដ្ឋានថា”វិធីសាស្ត្របច្ចុប្បន្នក្នុងការគ្រប់គ្រងហានិភ័យដែលបង្កឡើងដោយការបំពុលនិងសារធាតុពុលត្រូវបានបរាជ័យយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្តាលឱ្យមានការរំលោភបំពានយ៉ាងទូលំទូលាយនៃសិទ្ធិទទួលបានបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាព”។
ក្រោយមក លោកបាននិយាយក្នុងបទសម្ភាសន៍មួយថា “ខ្ញុំគិតថាយើងមានកាតព្វកិច្ចក្រមសីលធម៌ហើយឥឡូវនេះកាតព្វកិច្ចផ្លូវច្បាប់ដើម្បីធ្វើឱ្យប្រសើរឡើងដោយមនុស្សទាំងអស់នេះ”។
ដោយគ្រោងនឹងបង្ហាញនៅខែក្រោយទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលបានប្រកាសបរិស្ថានស្អាតជាសិទ្ធិមនុស្ស ឯកសារនេះត្រូវបានបង្ហោះនៅលើវេបសាយរបស់ក្រុមប្រឹក្សានេះកាលពីថ្ងៃអង្គារ។
ឯកសារនេះជំរុញឱ្យមានការហាមប្រាមលើសារធាតុគីមីប៉ូលីផ្លូរ៉លគីល( Polyfluoroalkyl) និង ពែរផ្លូរ៉លគីល(Perfluoroalkyl)ដែលជាសារធាតុពុលផលិតដោយមនុស្សប្រើក្នុងផលិតផលគ្រួសារ ដូចជាខ្ទះមិនស្អិត ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក និងត្រូវបានគេដាក់ឈ្មោះថា “សារធាតុគីមីជារៀងរហូត” ព្រោះវាមិនងាយបំបែកនោះទេ។
ឯកសារនេះក៏ស្វែងរកការលាងសម្អាតកន្លែងបំពុលទាំងនោះផងដែរ ហើយក្នុងករណីធ្ងន់ធ្ងរ គឺផ្លាស់ទីសហគមន៍រងផលប៉ះពាល់ ដែលភាគច្រើននៃពួកគេគឺក្រីក្រ បាត់បង់ឱកាស និងជាជនជាតិដើមភាគតិច ចេញពីអ្វីដែលគេហៅថា “តំបន់លះបង់សម្រាប់បរិស្ថាន”៕
ការបំពុលបរិស្ថានសម្លាប់មនុស្ស ៩ លាននាក់រៀងរាល់ឆ្នាំ