ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អ្នកប្រដាល់និមិត្តរូបហ្វីលីពីននិងជាបេក្ខជនប្រធានាធិបតី មែននី ប៉ាកគីអៅ បាននិយាយថាលោកនឹងស្វាគមន៍ការស៊ើបអង្កេតអន្តរជាតិលើសង្គ្រាមបង្ហូរឈាមរបស់ប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែត លើគ្រឿងញៀន ប្រសិនបើជាប់ឆ្នោត ហើយសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន “តាមវិធីត្រឹមត្រូវ” ជាមួយនឹងដំណើរការត្រឹមត្រូវមិនមែនជាការបាញ់ប្រហារតាមដងផ្លូវនោះទេ។
នៅក្នុងការកត់សម្គាល់ក្នុងសប្តាហ៍នេះទៅកាន់អ្នកសារព័ត៌មានបរទេស លោកប៉ាកគីអៅ ដែលជាអតីតជើងឯកប្រដាល់ពិភពលោកពហុស្ថាប័ននិងធ្លាប់ជាសម្ពន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីឌុយទែត បាននិយាយថា លោកនឹងបើកចំហក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ដែលលោកឌុយទែតបានដកហ្វីលីពីនចេញជាឯកតោភាគីកាលពីឆ្នាំ ២០១៨។
ទោះយ៉ាងណាប៉ាកគីអៅកំពុងតាមពីក្រោយក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតខែឧសភា ដោយចាញ់ ៥០ ពិន្ទុពីអ្នកនាំមុខ គឺលោក ហ្វែរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)។
អាណត្តិប្រធានាធិបតីរបស់លោកឌុយទែតត្រូវបានសំគាល់ដោយសង្គ្រាមរបស់លោកលើគ្រឿងញៀន ដែលក្នុងអំឡុងពេលនោះអ្នកជួញដូរគ្រឿងញៀនជាច្រើនពាន់នាក់ត្រូវបានសម្លាប់។
ក្រុមសិទ្ធិមនុស្សនិងអ្នករិះគន់បាននិយាយថា អ្នកអនុវត្តច្បាប់បានប្រហារជីវិតជនសង្ស័យគ្រឿងញៀននៅក្រៅប្រព័ន្ធតុលាការតាមការយល់ព្រមពីប្រធានាធិបតី ប៉ុន្តែប៉ូលិសនិយាយថាអ្នកដែលត្រូវបានសម្លាប់គឺជាជនសង្ស័យគ្រឿងញឿនប្រដាប់អាវុធនិងបានតតាំងដោយហិង្សាចំពោះការចាប់ខ្លួន។
ប៉ាកគីអៅអាយុ ៤៣ ឆ្នាំបានព្យាយាមបំបែកខ្លួនគាត់ចេញពីលោកឌុយទែត ដោយនិយាយថា គាត់នឹង “បន្តសង្គ្រាមលើគ្រឿងញៀនខុសច្បាប់”ដោយជនសង្ស័យនឹងត្រូវបានផ្តល់ការកាត់ក្តីដោយយុត្តិធម៌និងស្តារនីតិសម្បទាឡើងវិញ។
លោកបាននិយាយកាលពីថ្ងៃចន្ទថា “នៅពេលខ្ញុំនិយាយ វិធីត្រឹមត្រូវ យើងនឹងមិនសម្លាប់ពួកគេនៅតាមដងផ្លូវទេ។ ពួកគេនឹងត្រូវផ្តល់សិទ្ធិការពារខ្លួននៅតុលាការ”។
លោកឌុយទែតបានបង្កកំហឹងជាអន្តរជាតិជាមួយនឹងសង្គ្រាមគ្រឿងញៀនរបស់គាត់ ហើយថែមទាំងផ្គើនឱ្យ ICC ស៊ើបអង្កេតគាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀតផង។លោកនៅតែនិយាយថា អ្នកដែលត្រូវបានបាញ់សម្លាប់គឺសុទ្ធតែជាអ្នកជួញដូរគ្រឿងញៀន ដែលតតាំងយ៉ាងហិង្សាចំពោះការចាប់ខ្លួន និងបានលើកទឹកចិត្តជាសាធារណៈឱ្យប៉ូលិសបាញ់សម្លាប់ជនសង្ស័យដើម្បីការពារខ្លួន ហើយនិយាយថា លោកនឹងលើកលែងទោសអ្នកដែលជាប់គុកពីបទសម្លាប់ពួកគ្រឿងញៀនទាំងនោះ៕
ប៉ាកគីអៅនឹងមិនបាញ់ស្លាប់ជនសង្ស័យគ្រឿងញៀនដូចលោកឌុយទែតទេ ប្រសិនបើជាប់ឆ្នោត