​ដោយ​:​សុផល​/​ភ្នំពេញ​: អ្នកដោះមីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​ចុះទៅ​ត្រួតពិនិត្យ និង​ដោះ​មីនតោន​មួយ​គ្រាប់ ដែល​កប់​ក្នុង​ដី​ជា​យូរ​ឆ្នាំ​មកហើយ​នៅក្នុង​ខេត្តបាត់ដំបង​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នា​ថ្ងៃទី​១៦ កុម្ភៈ​ថា​: នេះ​ជា​សំណាង​មួយ​ដែល​ម្ចាស់​ដីស្រែ​គេច​ផុតពី​គ្រោះថ្នាក់​ពី​គ្រាប់​មីនតោន​ជា​សំណល់​សង្គ្រាម​ក្នុង​ដីស្រែ​របស់គាត់​ជាច្រើន​ខែ​ឆ្នាំ​មកហើយ​។ ដី​នេះ​មាន​ទីតាំងនៅ​ទិស​ខេត្តបាត់ដំបង​។

​លោក​បាន​បន្ថែម​ឱ្យដឹងថា គ្រាប់​មីនតោន​នេះ​កប់​ដោយ​រុំ​ប្លា​ស្ទិ​ក​ដើម្បី​ការពារ​គុណភាព​គ្រាប់មីន​ពី​ជម្រាប​ទឹក​។​អ្នក​ដាក់​គ្រាប់​មីនតោន​នេះ​មានគំនិត​ច្នៃប្រឌិត​ដើម្បី​ការពារ​គុណភាព​គ្រាប់មីន​នេះ អាច​រក្សា​ប្រសិទ្ធភាព​ផ្ទុះ​បាន​រយ​:​ពេល​វែង​។​

​លោក​បាន​បញ្ជាក់ថា​៖​ការ​បោសសំអាត​គ្រាប់មីន​នេះ អាចជួយ​ការពារ​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​ផង និង​អាច​ការពារ​ទ្រព្យសម្បត្តិ (​ត្រាក់ទ័រ​) ឬ​ម៉ាស៊ីន​ច្រូតស្រូវ ជាដើម ពី​ការផ្ទុះ​បំផ្លាញ​ផងដែរ​៕​