​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​នៅក្នុង​ខែកុម្ភៈ​បាន​រាយប៉ាយ​គ្រប់​រាជធានី​ខេត្ត​ក្នុង​កម្រិត​ពី​តិច​ដល់​បង្គួរ និង​នៅក្នុង​ខេត្ត​ខ្លះ​មាន​ដល់​ជាង​១០០​មី​លី​ម៉ែត្រ​និង​នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ​ភ្លៀង​នៅតែ​បន្ត​មាន​ធ្លា​ក់លើ​បណ្តា​ខេត្ត​មួយចំនួនទៀត​និង​នៅ​រាជធានី​ភ្នំពេញ​ក៏​អាចមាន​ភ្លៀង​ចំ​ខ្លះ​ដែរ​នៅថ្ងៃនេះ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​ឆ្នាំ​២០២២​ថា​ថ្ងៃនេះ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​លើ​រាជធានី​និង​ខេត្ត​មួយចំនួនទៀត​ដូចជា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ខេត្ត​នៅ​ខ្ពង់រាប​ភាគ​ឦសាន​និង​រាជធានី​ភ្នំពេញ​អាចមាន​ភ្លៀង​ចំ​ខ្លះ​ដែរ​តែ​ក្នុង​បរិមាណ​តិចតួច​។​

អ្នកនាំពាក្យ​ដដែល​បានឱ្យដឹង​ទៀតថា​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​លើ​បណ្តា​ខេត្ត​ជាច្រើន​ត្រឹម​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​មាន​ពី​តិច​ដល់​ជិត​១០០​មី​លី​ម៉ែត្រ​។​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​ខុស​ប្រក្រតី​គ្រប់​រាជធានី ខេត្ត និង​ខេត្ត​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​រាល់ថ្ងៃ​។​

បរិមាណ​ទឹកភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ដែល​កត់ត្រា​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រាប់​ខេត្តកំពង់ចាម​មាន​ពី​៣​ដល់​៦៩​មី​លី​ម៉ែត្រ​,​ខេត្ត​ត្បូងឃ្មុំ​ពី​៣​ដល់​៧៧​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ស្ពឺ​មាន​កម្រិត​ពី​១​ដល់​៣៥​មី​លី​ម៉ែត្រ​,​ខេត្តព្រៃវែង​មាន​ពី​៦​ដល់​១១​មី​លី​ម៉ែត្រ​,​ខេត្តក្រចេះ​ពី​តិច​ដល់​១៦​មី​លី​ម៉ែត្រ​,​ខេត្តកណ្តាល​ពី​តិច​ដល់​១៩​មី​លី​ម៉ែត្រ​,​ខេត្តពោធិសាត់​ពី​៤​ដល់​២០​មី​លី​ម៉ែត្រ​,​ខេត្តសៀមរាប​មាន​ពី​២​ដល់​៤០​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ធំ​មាន​ពី​៣៣​ដល់​៩៦​មី​លី​ម៉ែត្រ​,​ខេត្ត​ប៉ៃលិន​មាន​ពី​តិច​ដល់​៥​មី​លី​ម៉ែត្រ​,​ខេត្តបាត់ដំបង​មាន​ពី​២​ដល់​១២​មី​លី​ម៉ែត្រ​,​ខេត្តកោះកុង​មាន​ពី​៥​ដល់​៣១​មី​លី​ម៉ែត្រ​និង​ខេត្តកំពង់ឆ្នាំង​មាន​ពី​៣​ដល់​១២​មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​បាន​ជូនដំណឹង​ស្តី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៦​ដល់​ថ្ងៃទី​២២​ខែកុម្ភៈ​ថា​នៅក្នុង​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌូនេស៊ី​និង​ឥណ្ឌា​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​ទន្ទឹមនេះ​ក៏​នឹង​អាច​កើតមានឡើង​នូវ​សម្ពាធ​ទាប​តូចៗ​ជា​លក្ខណៈ​ឡូ​កាល់ ( Local )​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ជា​បន្តបន្ទាប់​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៥​អង្សា​សេ​សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ជាទូទៅ​លាយឡំ​និង​ផ្គរ រន្ទះ ក្នុងនោះ​ខេត្តកំពង់ធំ​,​កំពង់ឆ្នាំង​,​ពោធិ៍សាត់​,​បាត់ ដំបង​,​បន្ទាយមានជ័យ និង​ប៉ៃលិន អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើរ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៤​អង្សា​សេ​សី​តុ​ណ្ណ​ភាព អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​និង​ផ្គរ រន្ទះ ។​សម្រាប់​តំបន់ មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​និង​ផ្គរ រន្ទះ ៕​សរន​