ដោយៈ សុផល / ក្រចេះ : ស្ពានចំនួន ៧ កន្លែង នៃគម្រោងសាងសង់ ស្ពានឡើងវិញ បន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ប្រវែងសរុប ៦៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពាន ប្រវែង ៣.៤២៤ ម៉ែត្រ ចំណាយថវិកាសរុប ៣៥ លានដុល្លារអាមេរិក ឋិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ និងខេត្តព្រៃវែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក MIKAMI Masahiro ឯកអគ្គរាជទូតនៃ ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ។
គម្រោងសាងសង់ស្ពានទាំង ៧ កន្លែងនេះ គឺជាហិរញ្ញប្បទាន ឥតសំណង ពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបើកការដ្ឋាន សាងសង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ២៩ ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ ប្រមាណ ៣៥ លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាៈ ការសាងសង់ឡើងវិញ នូវស្ពានទាំង ៧ កន្លែងនេះ គឺដើម្បីឆ្លើយតប ទៅនឹងឥទ្ធិពល នៃគ្រោះមហន្តរាយ ទឹកជំនន់ ដែលតែងតែកើតឡើង ជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗ ដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ភូមិសាស្ត្រ នៃខេត្តទាំងពីរ។ បច្ចុប្បន្ន ស្ពានទាំង ៧ កន្លែងនេះ បានក្លាយជាផ្នែកមួយ នៃការតភ្ជាប់ និងគាំទ្រដល់ ខ្សែផ្លូវជាតិ ចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវ មានភាពមមាញឹកខ្លាំង សម្រាប់ការធ្វើចរាចរណ៍ ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
លោកទេសរដ្ឋមន្តី បានបន្តថាៈ គម្រោងសាងសង់ស្ពាន ទាំង ៧ កន្លែង នៃគម្រោងសាង សង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្ត្រ ខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពាន មានប្រវែង សរុប ៦៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពាន មានប្រវែងសរុប ៣.៤២៤ ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤.០៩៤ ម៉ែត្រ ក្នុងនោះ៖ ស្ពានចំនួន ៥ កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ ម៉ែត្រ ស្ពានព្រែកឫស្ស ប្រវែង ៦២ ម៉ែត្រ ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ ម៉ែត្រ និងស្ពានពាមទេរ ប្រវែង ១៧៥ ម៉ែត្រ និងស្ពានចំនួន ២ កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយ ផ្លូវជាតិលេខ១១ រួមមាន ដូចជា ស្ពានបាបោងលេខ១ ប្រវែង ១០៥ ម៉ែត្រ និងស្ពានបាបោង លេខ២ ប្រវែង ១០៥ ម៉ែត្រ។
គម្រោងនេះ បានស្ថាបនាច្រាំងការពារ ការហូរច្រោះ នៃទឹកជំនន់ និងត្រូវបានស្ថាបនា ជាប្រភេទ ស្ពានបេតុង ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ដែលក្នុងនោះ៖ ស្ពានចំនួន ២ កន្លែង គឺស្ពានពាមទេរ និងស្ពានព្រែកឆ្លូង មានប្រវែងទទឹង សរុប ១១,៣ ម៉ែត្រ គន្លងផ្លូវ សម្រាប់រថយន្ត មាន ២ គន្លង ទទឹង ៣,៥០ ម៉ែត្រ ចន្លោះសុវត្ថិភាព មាន ២ គន្លង ទទឹង ០,៦០ ម៉ែត្រ ផ្លូវថ្មើរជើង មាន ២ គន្លង ទទឹង១ម៉ែត្រ និង បង្កាន់ដៃស្ពានសងខាង ០,៥៥ ម៉ែត្រ។
ដោយឡែក ស្ពានចំនួន ៥ ទៀត គឺស្ពានបាបោងលេខ១ ស្ពានបាបោងលេខ២ ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឫស្ស និងស្ពានអន្លង់ឃ្លេ មានប្រវែងទទឹង សរុប ១០,៩ ម៉ែត្រ គន្លងផ្លូវ សម្រាប់រថយន្ត មាន ២ គន្លង ទទឹង ៣,៥០ ម៉ែត្រ ចន្លោះសុវត្ថិភាព មាន២គន្លង ទទឹង១,៥០ ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ០,៤៥ ម៉ែត្រ។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ឥណទាន សម្បទានហិរញ្ញប្បទាន ឥតសំណង សម្រាប់ជួយដល់កម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានដូចជា ការកសាង និងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែការ ផ្តល់ជំនួយបច្ចេកទេស ជាបន្តបន្ទាប់ លើគម្រោងសិក្សា សមិទ្ធិលទ្ធភាព ការរៀបចំផែនការមេ និងការបណ្តុះ បណ្តាល ធនធានមនុស្ស ជាដើម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ឱ្យកាន់តែថយចុះបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរ ជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដី ខេត្តក្រចេះ និងខេត្តព្រៃវែង និងបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី និងផ្ទះសម្បែង ស្ថិតនៅជិតការដ្ឋានសាងសង់ស្ពាន ទាំង ៧ កន្លែង ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ និងស្តារឡើងវិញនេះ អាចដំណើរការទៅបាន ដោយរលូន ប្រកបដោយជោគជ័យ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បង្កើតបាននូវ សមិទ្ធផលថ្មីៗនេះឡើង សម្រាប់ជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដល់បងប្អូន ប្រជាពលរដ្ឋ ខេត្តក្រចេះ និងខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕/V