ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:​ លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​និង​ជាម​ន្ត្រី​នាំពាក្យ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី​១៦​ខែកុម្ភ​:​ឆ្នាំ​២០២២ ដោយ​បំភ្លឺថា « ករណី​លិខិត​របស់​អយ្យការ​ខេត្ត លើ​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​និង​លោក​មាស ហ៊ឹក មេឃុំ​ប្រាសាទ​គឺជា​ការអញ្ជើញ​ទៅ​សាកសួរ​ឬ​បំភ្លឺ​ក្នុង ការងាររដ្ឋបាល​ប៉ុណ្ណោះ មិនមែន​ដីកា​រកោះ​ឬ​ដីការ​បង្គាប់​ឱ្យចូល​ខ្លួន​ដូចដែល​អ្នកខ្លះ​បង្វែរ​អត្ថន័យ ហើយ​មានការ​ចុះផ្សាយ​ខ្លះ​កន្លងមក​នោះទេ​”​។​

​លោក​ថា “​ខ្ញុំ​អាច​ជម្រាប​បាន​ថា សម្រាប់​ខេត្តបន្ទាយមានជ័យ​មាន​ពីរ​ករណី​ដែល​ត្រូវបាន​អយ្យការ​អម​តុលាការ​សម្រេច ឃុំខ្លួន គឺ​ទី​១.​លោក​អែម​ណុ​យ អតីត​មេឃុំ​ភ្នំ​លៀប​ម្នាក់ និង​២.​ឈ្មោះ ឈួ​ម ធូ ភេទ​ប្រុស ៥៧​ឆ្នាំ​ជាម​ន្ត្រី​អាជ្ញាធរ ទន្លេសាប ។ ប៉ុន្តែ​គេ​ឃាត់ខ្លួន គេ​ឆែកឆេរ​ទៅ​ឃើញ​គាត់​មាន​កាត​អ្នកសារព័ត៌មាន​ទៅវិញ​(​អ្នកកាសែត​នៃ​សារពត៌មាន និស្សិត​ខ្មែរ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​)​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង តំបន់​៣ បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ “​។​

​លោក​សេក សុខុម មន្ត្រី​អ្នក​ពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បន្តថា : អយ្យការ​អម​សាលាដំបូង​ខេត្ត​ដែល​ចេញ​លិខិត​អញ្ជើញលោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ និង​លោក មាស ហ៉ឹ​ក មេឃុំ​ប្រាសាទ បានបញ្ជាក់​ច្បាស់​ហើយ​ក្នុង​បែបបទ​លិខិត​រដ្ឋបាល​គឺ “​ដើម្បី​សាកសួរ អំពី​ដំណើរ​រង អ្នក​ដែល​ពាក់ព័ន្ធ​ការ​ឈូសឆាយ ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ​និង​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ” ។​

​យោងតាម​លិខិតអញ្ជើញ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា​ដោយ​លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា : លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ត្រូវបាន​អញ្ជើញ​ឱ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ និង​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ដូចគ្នា​តម្រូវឱ្យ​លោក មាស ហ៊ឹក មេឃុំ​ប្រាសាទ​ឱ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​២​រសៀល​។

​មន្ត្រី​នាំពាក្យ​ខាងលើ​ពន្យល់ថា :” យោង​ខ្លឹមសារ​និង​ទំនាក់ទំនង​ការងាររដ្ឋបាល​គឺ​នោះ​ជាការ​កោះអញ្ជើញ របស់​អយ្យការ​អម​តុលាការ​នៅពេលនេះ ក៏​ព្រោះ​តែមាន​ដី​ខ្លះ លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ និង​លោក​មាស ហ៊ឹក មេឃុំ​ប្រាសាទ​មាន​ជាប់​ពាក់ព័ន្ធ​លើ​ការចុះហត្ថលេខា​លើ​លិខិតស្នាម​មួយចំនួន ឬក៏​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​កន្លងមក ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ភូមិសាស្ត្រ​របស់​អស់លោក​។​ដូច្នេះ តម្រូវអោយ​អស់លោក​ស​ហ​ការ​ផ្តល់ព័ត៌មាន ព្រោះ​អស់លោក កាន់​តួនាទី​ជា​អភិបាលស្រុក និង​មេឃុំ ម្ចាស់​ដែន​សមត្ថកិច្ច​រដ្ឋបាល​ភូមិសាស្ត្រ​។​ប៉ុន្តែ​វា​មិនមែនជា​ករណី​ដីការ​កោះ​ឬ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ឬ​ដី​នាំខ្លួន​ដូច​មានការ​ចុះផ្សាយ កន្លងមក​នោះឡើយ​។

​មន្ត្រី​ខាងលើ ក៏​បន្ថែមថា : ក្រៅពីនោះ ក៏មាន​មន្ត្រី​យោធា​ល្បី​ម្នាក់​(​ឧ​ត្ត​ម​សេនីយ៍​ទោ​ភ្ល​ន់ តារា អតីត​មេ​យោធា​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥)​ដែល​គេ​នាំគ្នា​ចោទថា​គាត់​មាន​ដី​៦០០​ហិកតា​នៅ​តំបន់​៣ ។​តែ​ពេល​ពិនិត្យ​ជាក់ស្តែង គឺមាន​ត្រឹម​១០០​ហិកតា​ទេ ។​វា​ក៏​បូករួម​ជាមួយ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ផងដែរ​។​ហើយ​ករណីនេះ​ពួកគាត់​បានប្រគល់​ជូន​រដ្ឋ​វិញ​អស់ហើយ ។​

​ចំណែក​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងការ​ឆ្លើយតប​មួយ​លើ​ខ្លឹមសារ​នៃ​លិខិត​អញ្ជើញលោក​ឃូ ពៅ និង​លោក​មាស ហ៊ឹម លោក​អភិបាលខេត្ត​ក៏​យល់ស្រប​ថា ជាការ​អញ្ជើញ​សាកសួរ​ដើម្បី​សហការ​ផ្តល់ព័ត៌មាន​ក្នុង​ដែន​រដ្ឋបាល​ភូមិសាស្ត្រ​ដែរ ។​

​រីឯ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​ស្រង់​សំដី​កាលពី​ថ្ងៃទី​១៥​ខែកុម្ភ​: ដូចដែល​និយាយថា​: សំណុំរឿង​លោក​អែម​ណុ​យ អតីត​មេឃុំ​ភ្នំ​លៀប​និង ឈ្មោះ ឈួ​ម ធូ តាំងពី​ឃុំខ្លួន​បណ្តោះអាសន្ន​មក ស្ថិតក្នុង​ដំណាក់ កាល​អង្កេត​។​ហេតុនេះ​អយ្យការ​ត្រូវ​ស្នើ​កិច្ច​ក្នុង​សហការ​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​ជួយផ្តល់​ព័ត៌មាន​ឬ​ការបំភ្លឺ​បន្ថែម​លើ​ករណីនេះ ព្រោះ​ករណីនេះ វា​ស្ថិតក្នុង​ដែន​រដ្ឋបាល​របស់​មន្ត្រី​ខាងលើ ៕​សរន​-PC