ដោយ​: ភា រស្មី បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តព្រៃវែង​/​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ម៉ម រិ​ន ភេទ​ស្រី អាយុ​៧៩​ឆ្នាំ​។ សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ភូមិ​ព្រៃ​ក​ន្សា ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​នៅសម័យសង្គមរាស្ត្រ និយម​ជីវភាព​ក្នុង​គ្រួសារ​របស់ខ្ញុំ​មានការ​លំបាក​ខ្លាំង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មិនបាន​ចូល​សិក្សា​រៀនសូត្រ​ដូច​គេ​។

ម៉ម រិន អាយុ៧៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ឆ្នាំ​១៩៦៩ ខ្ញុំ​រៀបការ​ជាមួយ​ប្ដី​របស់ខ្ញុំ​ឈ្មោះ ញៀន គុច ពាក់​ស័ក្តិ​មួយ មាន​តួនាទី​បើកប្រាក់​ខែ​ឲ្យ​កូនទាហាន​។ កាលនោះ​ខ្ញុំ​ទៅ​រស់នៅក្នុង​ទី​រួម​ខេត្តស្វាយរៀង​។ បន្ទាប់ពី លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ព្រះ នរោត្តម សីហនុ បាន​រយៈពេល​ពីរ​ខែ ស្ថានភាព​នៅក្នុង​ទី​រួម​ខេត្តស្វាយរៀង​មាន​ភាពចលាចល​។

​ប្ដី​របស់ខ្ញុំ​ឲ្យ​ខ្ញុំ​មក​រស់នៅ​ជាមួយ​ឪពុកម្ដាយ​នៅក្នុង​ស្រុក​កំពង់ត្របែក​មួយរយៈ ព្រោះ​នៅ​បន្ទាយ​កំពង់​ចក​ស្ថិតនៅ​ខាង ជើង​ទី​រួម​ខេត្តស្វាយរៀង កងទ័ព​វៀតណាម​ខាងជើង​ធ្វើការ​វាយប្រហារ​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​១៩៧២ កងទ័ព​វៀតណាម​ខាងជើង វាយ​យកបាន​បន្ទាយ​កំពង់​ចក​ទាំងមូល​ហើយ​ទាហាន លន់ នល់ ទាំងអស់​រួមជាមួយ​ប្ដី​របស់ខ្ញុំ បាន​ផ្លាស់ប្ដូរ​បន្ទាយ​មក​នៅ​វត្ត​ព្រៃ​ឆ្លាក់ ក្នុង​ក្រុង​ស្វាយរៀង​វិញ​។ ចំណែក​ខ្ញុំ​ដែល​រស់នៅ​ស្រុក​កំពង់ត្របែក គ្រប់គ្រង​ដោយ​ខ្មែរក្រហម បាន​តាម​មករក​ប្តី​នៅ​បន្ទាយ​កំពង់​ចក ក្រែងលោ​ឃើញ​សាកសព​ប្ដី​របស់ខ្ញុំ ព្រោះ​នៅ​ទីនោះ​មាន​ទាហាន លន់ នល់ ស្លាប់​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​រក​មិនឃើញ​។ ក្រោយមក ខ្ញុំ​បានស្នើ​សុំ​សំបុត្រ​ធ្វើដំណើរ​ពី​ខ្មែរក្រហម​ដើម្បី​ចូលមក​ខាង លន់ នល់ ដោយ​យក​លេស​ថា មក​យកប្ដី​ឲ្យ​ទៅ​ចុះចូល​។ ខ្ញុំ​ធ្វើដំណើរ​មកដល់​វត្ត​ព្រៃ​ឆ្លាក់ ក៏​ហែក​សំបុត្រ​ចោល បន្ទាប់មក​បាន​ចូល ទៅក្នុង បន្ទាយ ដើម្បី តាមរក​ប្ដី​របស់ខ្ញុំ​។ ពេលនោះ​មានកូន​ទាហាន​ម្នាក់​បាន​រត់​ទៅប្រាប់​ប្ដី​របស់ខ្ញុំ​ថា លោកស្រី​ទើបតែ​ធ្វើដំណើរ​មកដល់​។ នៅក្នុង​បន្ទាយ ខ្ញុំ​ឃើញ​មាន​ឡាន​១២​គ្រឿង​ត្រៀម​ចេញដំណើរ​ទៅ​វាយ​បន្ទាយ​ខ្មែរក្រហម​ដើម្បី​រំដោះ​ខ្ញុំ និង​ប្រពន្ធ​ទាហាន​ផ្សេងទៀត ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់​ក៏​អាក់ខាន​វិញ​។​

រិន និងប្តី ថតនៅឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង។(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ឆ្នាំ​១៩៧៣ ប្តី​របស់ខ្ញុំ​ត្រូវបាន​ថ្នាក់លើ​បញ្ជូន​ឲ្យ​ទៅ​មើល​ការខុសត្រូវ​នៅ​ខេត្តកំពង់ចាម ហើយ​ខ្ញុំ​ទៅជា​មួយ​ដែរ​។ ពេលទៅដល់​កំពង់ចាម​មិនបាន​ប៉ុន្មាន ប្ដី​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ជិះ​យន្តហោះ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​ប្ដី​របស់ខ្ញុំ​ជាប់​វាយ​ជាមួយ​ទាហាន វៀតណាម​ខាងជើង​។ ក្រោយមក ខ្ញុំ​ស្នើ​អ៊ំ​របស់ខ្ញុំ​ឈ្មោះ កង សោម ដែល​ធ្វើការ​នៅ​បន្ទាយ​ទាហាន​នៅ​ពោធិ៍ចិនតុង​សុំ​ឧទ្ធម្ភាគចក្រ​ស្លាប​កាត់ ឲ្យ​ជូន​ខ្ញុំ​ទៅ​ជួប​ប្ដី​នៅ​កំពង់ចាម​។ ខ្ញុំ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​មក​ចុះ​នៅ​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​។ ពេលមកដល់ មានកូន​ទាហាន​ម្នាក់​យក​រ៉ឺម៉ក​មក​ដឹក​ខ្ញុំ​ទៅ​បន្ទាយ​ស៊ុប​នៅ​ជើងព្រៃ គឺជា​កន្លែង​ដែល​ប្ដី​របស់ខ្ញុំ​ប្រចាំការ​។ ពេលទៅដល់​ភ្លាម ប្ដី​របស់ខ្ញុំ​បាន​សួរ​ខ្ញុំ​អំពី​មធ្យោបាយ​ធ្វើដំណើរ ហើយ​គាត់​បាន​ស្ដីបន្ទោស​ខ្ញុំ ព្រោះ​ឧទ្ធម្ភាគចក្រ​នោះ​ទាហាន​ទុក​ធ្វើសង្គ្រាម​។ ខ្ញុំ​រស់នៅ​ជាមួយ​គ្រួសារ​ប្អូនថ្លៃ​ស្រី​របស់ខ្ញុំ​ដែល​កំពុងមាន​ផ្ទៃពោះ ហើយ​ក្រោយមក​កើត​បានកូន​ភ្លោះ​ពីរ​នាក់​។​

​នៅ​ឆ្នាំ​១៩៧៤ ដោយសារតែ​ការប្រយុទ្ធ​គ្នា​នៅ​កំពង់ចាម​កាន់តែខ្លាំង គ្រួសារ​ប្អូនថ្លៃ​របស់ខ្ញុំ​ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​ប្រចាំការ​នៅ​ខេត្តកំពត ចំណែក​ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ​។ មុនដំបូង​ខ្ញុំ​ដណ្ដើម​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​ត្រូវ​កូនទាហាន​ចាប់ទាញ​ជើង​ធ្លាក់​មក​ដី ដូច្នេះ​ខ្ញុំ​បាន​ប្តូរ​មក​ជិះ​កប៉ាល់​វិញ​។ នៅតាម​ផ្លូវ​ខ្មែរក្រហម​បាន​បាញ់​ជាច្រើន​គ្រាប់​សំដៅ​មក​កប៉ាល់​។ ដោយសារ​តែមាន​ទាហាន​តិចតួច ដូច្នេះ​ខ្ញុំ​បាន​ចូលទៅ​ជួយ​ហុច​គ្រាប់ផ្លោង​ឲ្យ​ទាហាន លន់ នល់ ដើម្បី​បាញ់​ត​តាំងពី​កប៉ាល់​សំដៅទៅ​ខ្មែរក្រហម​វិញ​។ ពេលមកដល់​ភ្នំពេញ​ខ្ញុំ​យក​មាស​ទៅ​លក់​យកលុយ​ដើម្បី​ទិញ​ផ្ទះ​នៅ​ផ្សារកណ្ដាល​ស្នាក់នៅ​។ ចំណែក​ប្តី​របស់ខ្ញុំ​បាន​ជិះ​កប៉ាល់​មក​តាម​ក្រោយ​។ យើង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។

ម៉ម រិន អាយុ៧៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​យោធា​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​ឲ្យ​ចេញពី​ទីក្រុង​ភ្នំពេញ ដោយ​លើក​ហេតុផល​ថា សម្អាត​ទីក្រុង​។ ប្ដី​របស់ខ្ញុំ​បាន​យក​រទេះដឹក​ទឹកកក​ដើម្បី​ដឹក​អីវ៉ាន់ និង​ក្មួយ​ភ្លោះ​ពីរ​នាក់​ចេញពី​ទីក្រុង ប៉ុន្តែ​ពេល​ចេញពីផ្ទះ​បាន​បន្តិច​យើង​ស្នើសុំ​ខ្មែរក្រហម​ត្រឡប់មកផ្ទះ​វិញ​ព្រោះ​ភ្លេច​មនុស្ស​ម្នាក់​។ គ្រាន់តែ​គ្រួសារ​របស់ខ្ញុំ​ហៀបនឹង​បក​ក្រោយ ស្រាប់តែ​យោធា​ខ្មែរក្រហម​ម្នាក់​ទាញ់​កាំភ្លើង​បម្រុង​បាញ់​ប្ដី​របស់ខ្ញុំ​។ ឃើញ​ដូច្នេះ ខ្ញុំ​ទាញ​ប្ដី​របស់​ចេញ ហើយរ​ត់ទៅ​ចាប់​កាណុង​កាំភ្លើង​របស់​យោធា​ខ្មែរក្រហម​ឡើង​ទៅលើ​។ យោធា​ខ្មែរក្រហម​បាន​បាញ់រះ​ឡើងលើ​អស់​គ្រាប់​មួយ​បង់​។ បន្ទាប់មក យោធា​ខ្មែរក្រហម​ម្នាក់ទៀត បាន​រុញ​ខ្ញុំ​ឲ្យ​ដួល រួច​ស្ដី​ឲ្យ​ខ្ញុំ​ថា «​ង៉ែ​ង​ក៏​ឆ្នាស់​ម្ល៉េះ​»​។ ខ្ញុំ​ឆ្លើយតប​វិញ​ថា «​បើ​មិន​ឆ្នាស់​ម៉េច បើ​អ្នកឯង​ទាញ់​កាំភ្លើង​មក​បាញ់​មនុស្ស​ចឹ​ង មិន​ស្លាប់​អស់ហើយ​» ហើយ​គ្រួសារ​របស់ខ្ញុំ​ក៏​ធ្វើដំណើរ​បន្ត​ទៅមុខទៀត​។ នៅតាម​ផ្លូវ​ទៅ​ខេត្តកំពង់ចាម ខ្ញុំ​ឃើញ​យោធា​ខ្មែរក្រហម​បាញ់​ប្រជាជន​ស្លាប់​ជាច្រើន​នាក់ ដោយសារតែ​ប្រជាជន​ប្រឆាំង​មិន​ចង់​ចេញពីផ្ទះ​។ សាកសព​ខ្លះ​បាន​ជះក្លិន​ស្អុយ និង​ខ្លះទៀត​ទើបតែ​ស្លាប់​ថ្មីៗ​។ ពេលនោះ​ក្មួយ​ភ្លោះ​របស់ខ្ញុំ​យំ​យ៉ាងខ្លាំង ខ្ញុំ​បាន​យក​ក្មួយ​ទៅ​ឲ្យ​មើល​មនុស្ស​ប្រុស​ដែល​អង្គុយ​ក្នុង​ឡាន ហើយ​និយាយ​បន្លាច​ក្មួយ​ថា «​បើ​យំ​ប្រយ័ត្ន​តា​នៅក្នុង​ឡាន​វាយ​» ប៉ុន្តែ​មនុស្ស​នៅក្នុង​ឡាន​មិន​ឆ្លើយតប​ទេ​។ ពេល​ខ្ញុំ​មើល​មនុស្ស​នៅក្នុង​កាន់តែ​ជិត​ទើប​ដឹងថា គាត់​បាន​ស្លាប់​ហើយ ដោយ​កូនចៅ​របស់គាត់​បាន​ទុក​ឡាន​ចោល រួច​ធ្វើដំណើរ​ទៅ​បាត់អស់​។ គ្រួសារ​របស់ខ្ញុំ​ធ្វើដំណើរ​ទៅដល់​កំពង់ចាម​រួច​ត្រឡប់មក​ព្រៃវែង​វិញ​។ គ្រួសារ​ខ្ញុំ​ធ្វើដំណើរ​កាត់​តាម​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ឆ្លង​មក​ស្រុក​កំពង់ត្របែក​។ នៅតាម​ផ្លូវ ខ្ញុំ​បាន​បបួល​ប្ដី​របស់ខ្ញុំ​ទៅ​រស់នៅ​ខេត្តស្វាយរៀង ព្រោះ​នៅ​ជិត​ប្រទេស​វៀតណាម​។ ខ្ញុំ​គិតថា​បើ​មាន​ហេតុការណ៍​កើតឡើង យើង​អាច​រត់​ចូល​ទឹកដី​វៀតណាម​បាន​ដោយ​ងាយ ប៉ុន្តែ​ប្ដី​របស់ខ្ញុំ​បដិសេធ​ព្រោះ​គាត់​ចង់​មក​រស់នៅ​ជាមួយ​ម្ដាយ​របស់ខ្ញុំ​។ ប្តី​របស់ខ្ញុំ​ជឿថា បដិវត្តន៍​មិនមាន​សម្លាប់​មនុស្ស​ឡើយ​។ គ្រួសារ​របស់ខ្ញុំ​ធ្វើដំណើរ​រយៈពេល​មួយ​ខែ ទើប​មកដល់​ស្រុកកំណើត​របស់ខ្ញុំ​។ ខ្ញុំ​រស់នៅ​ផ្ទះ​បាន​ប្រហែល​មួយ​សប្ដាហ៍ អង្គការ​បានស្នើ​យកប្ដី​របស់ខ្ញុំ​ទៅ​រៀនសូត្រ​។ បងប្អូន​នៅក្នុង​ភូមិ​បានមក​ប្រាប់​ខ្ញុំ​ថា ប្ដី​របស់ខ្ញុំ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ហើយ និង​ឲ្យ​ខ្ញុំ​ខិតខំ​ធ្វើការ​ក្រែងលោ​បាន​រស់​ជីវិត​។ ខ្មែរក្រហម​ដឹងថា ប្ដី​របស់ខ្ញុំ​គឺជា​ទាហាន លន់ នល់​។ នៅក្នុង​ភូមិ ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​ហាល​ជីលេខមួយ (​លាមក​មនុស្ស​) និង​រែក​ដី​។ រហូតដល់​ខែវស្សា ទើប​ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ស្ទូងស្រូវ និង​ច្រូតស្រូវ​ពេល​រដូវ​ស្រូវ​ទុំ​។​

រិន (ខាងស្តាំ) និងប្អូនស្រីរបស់នាងថតដោយពាក់ឯកសណ្ឋានយោធាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ឯកសណ្ឋាននោះមិនមែនជារបស់ រិន ទេ ហើយ រិន ក៏មិនធ្វើការក្នុងជួរកងទ័ពដែរ។ ដោយសារតែស្រឡាញ់ និងនឹកប្តីខ្លាំងពេក ទើប រិន ខ្ចីឯកសណ្ឋានយោធាមកពាក់ថតរូប។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ដើមឆ្នាំ​១៩៧៦ មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​វៀតណាម និង​យោធា​ខ្មែរក្រហម​នៅតាម​បណ្តោយ​ព្រំដែន ហើយ​បាន​បណ្តាល​ឲ្យ​យោធា​ខ្មែរក្រហម​ស្លាប់​អស់​ជាច្រើន​។ នៅពេលនោះ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ជាមួយ​កងចល័ត​នារី​ទៅ​សែង​សាកសព​ទាហាន និង​អ្នករបួស​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បាលថ្នល់​។ អំឡុង​ឆ្នាំ​១៩៧៦ ដដែល ខ្មែរក្រហម​ចាត់តាំង​ខ្ញុំ​ទៅធ្វើ​ដីសណ្ដរ​នៅ​ព្រៃ​ក​ណ្ដួ​ច​ជាមួយ​កងចល័ត​នារី​ផ្សេងទៀត ព្រោះ​ខ្ញុំ​មិនទាន់​មានកូន​។ នៅ​ព្រៃ​ក្ដួច​ប្រជាជន​មូលដ្ឋាន​រើសអើង​ខ្ញុំ​ខ្លាំងណាស់ ហើយ​ប្រសិនបើ​មានការ​ប្រជុំ​ផ្សេងៗ ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថ្មី​ចូលរួម​ប្រជុំ​ទេ​។ ខ្ញុំ​ធ្លាប់បាន​លួច​ស្ដាប់​ខ្មែរក្រហម​ប្រជុំ​ម្ដង ដើម្បី​ចង់ដឹងថា​ខ្មែរក្រហម​មាន​ផែនការ​អ្វីខ្លះ​។ ខ្ញុំ​ស្ដាប់ឮ​កម្មាភិបាល​ខ្មែរក្រហម​និយាយប្រាប់​ប្រជាជន​មូលដ្ឋាន​កុំ​ឲ្យ​មក​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ថ្មី​។ នៅក្នុង​ស្រុក​កំពង់ត្របែក ប្រជាជន​មូលដ្ឋាន​មានការ​រើសអើង​ប្រជាជន​ថ្មី​យ៉ាងខ្លាំង ព្រមទាំង​ចាត់តាំង​ប្រជាជន​ថ្មី​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ដែលជា​ធ្វើ​ឲ្យ​ប្រជាជន​ថ្មី​មួយចំនួន​លេប​គ្រាប់​ស្លែង​សម្លាប់ខ្លួន​។​

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រឡប់មក​ធ្វើការ​នៅក្នុង​ភូមិ​វិញ​។ ខ្មែរក្រហម​បានដាក់​វេន​ឲ្យ​កង​របស់ខ្ញុំ ដាំបាយ និង​បុកស្រូវ ប៉ុន្តែ​ខ្ញុំ​មិនសូវ​បានធ្វើការ​ក្នុង​កង​ទេ ព្រោះ​អង្គការ​ចាត់តាំង​ខ្ញុំ​និង​កងចល័ត​នារី​មួយចំនួន​ទៅ​សែង​អ្នករបួស និង​អ្នកស្លាប់ ពី​ព្រំដែន​វៀតណាម​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស្ថិតនៅ​ភូមិ​ព្រៃ​ម្លុ​ង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​។ នៅក្នុង​ឆ្នាំ​១៩៧៧ មាន​ទាហាន​ខ្មែរក្រហម​ជាច្រើន​នាក់​បាន​ស្លាប់ ព្រោះ​ខ្មែរក្រហម​បញ្ជា​ឲ្យ​យោធា​ជិះ​ដើម​ចេក​ឆ្លង​ទឹក​ទៅ​វាយ​វៀតណាម ប៉ុន្តែ​ដោយសារ​វៀតណាម​ស៊ើប​ដឹង​មុន​ក៏​ចាំ​បាញ់​ស្ទាក់​។ នៅពេល​យប់ ប្រធាន​សហករណ៍​ឈ្មោះ ជឹម ឃ​ន បាន​បញ្ជា​ឲ្យ​កង​នារី​ទាំងអស់​នៅ​ច្រូតស្រូវ​នៅ​ភូមិ​ក្រាំង​លាវ ចំណែក​ពេល​ថ្ងៃ​យើង​ត្រូវ​ច្រូតស្រូវ​នៅ​ជិតៗ​ភូមិ​។ យើង​ទៅ​ច្រូតស្រូវ​នៅ​ភូមិ​ក្រាំង​លាវ​ពេលយប់​ដោយសារ​ពេល​ថ្ងៃ កងទ័ព​វៀតណាម​ចាំ​បាញ់​ស្ទាក់​នៅពេល​ឃើញ​មាន​មនុស្ស​ទៅ​ក្បែរ​ព្រំដែន​។ ដូច្នេះ​យើង​ត្រូវ​លួច​ចូល​ច្រូត​ស្ងាត់ៗ​មិន​ឲ្យ​វៀតណាម​ឃើញ​ឡើយ​។ នៅ​យប់​មួយ ពេលដែល​ខ្ញុំ​កំពុងតែ​ច្រូតស្រូវ កងទ័ព​វៀតណាម​បាន​បាញ់​គ្រាប់ផ្លោង​ចូលមក​ធ្វើ​ឲ្យ​កងចល័ត​នាំគ្នា​រត់ និង​ខ្លះទៀត​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​។​

ស្រ្តីជិះកង់នៅលើប្រឡាយក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​ថ្មី​ទាំងអស់​ឲ្យ​ទៅ​រស់នៅ​ខេត្តពោធិ៍សាត់​។ ដំបូង​ប្រធាន​សហករណ៍ ឈ្មោះ ឃ​ន មិន​បញ្ជូន​គ្រួសារ​ខ្ញុំ​ទៅ​ខេត្តពោធិ៍សាត់​ទេ ប៉ុន្តែ​ដោយសារ​អ្នកភូមិ​ទិតៀន​ច្រើនពេក ទើប​ប្រធាន​សហករណ៍​បញ្ជូន​គ្រួសារ​របស់ខ្ញុំ​ទៅជា​មួយ​ប្រជាជន​ផ្សេងទៀត​។ ខ្ញុំ​និង​ប្អូនថ្លៃ​របស់ខ្ញុំ រួមជាមួយ​ក្មួយ​ភ្លោះ​ពីរ​នាក់​ទៀត បាន​ដើរ​ពី​កំពង់ត្របែក​រហូត​ទៅដល់​អ្នក​លឿង ដើម្បី​ឡើង​ជិះ​កប៉ាល់​ទៅ​ក្រុងភ្នំពេញ​។ នៅពេលដែល​ប្រជាជន​ឡើងលើ​កប៉ាល់​ពេញ អ្នកបើកបរ​ចាប់ផ្ដើម​ចេញដំណើរ​។ ប៉ុន្តែ​ពេលទៅដល់​កណ្ដាលទន្លេ​ស្រាប់តែ​យោធា​ខ្មែរក្រហម​ម្នាក់​ពាក់អាវ​ពោង​រួចជាស្រេច បាន​ទៅ​ដក​ឆ្នុក​កប៉ាល់​ដើម្បី​ឲ្យ​ទឹក​ហូរ​ចូល​។ ឃើញ​ដូច្នេះ អ៊ំ​ប្រុស​ម្នាក់​ដែល​នៅ​ជិត​ខ្ញុំ បាន​ស្រែក​គំរាមថា បើ​មិន​ចុក​ឆ្នុក​វិញ គាត់​នឹង​យក​ដក​រែក​វាយ​។ ឮដូច្នេះ​យោធា​នោះ​ព្រម​ធ្វើតាម ហើយ​យើង​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​រហូត​ដល់ទី​ក្រុងភ្នំពេញ​។ ពេលទៅដល់​ទីក្រុង​ភ្នំពេញ ប្រជាជន​ទាំងអស់​ទទួល​របប​អាហារ ខោអាវ​ថ្មី និង​ក្រមា​ថ្មី និង​រង់ចាំ​ជិះ​រថភ្លើង​បន្តទៀត​។ ប្រជាជន​ទាំងអស់​ចាប់ផ្ដើម​ឡើង​ជិះ​លើ​រថភ្លើង​ដើម្បី​ធ្វើដំណើរ​ទៅដល់​ខេត្តពោធិ៍សាត់ បន្ទាប់មក​ក៏មាន​ឡាន​មក​ដឹក​ទៅ​ដាក់​នៅតាម​ការដ្ឋាន​រៀងៗ​ខ្លួន​។ ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​ជិត​វត្ត​កណ្ដាល ហើយ​នៅ​ទីនោះ​ខ្ញុំ​ឃើញ​មាន​រណ្ដៅ​សាក សព​ជាច្រើន ។ នៅ​កន្លែង​ស្នាក់នៅ មាន​អ៊ំ​ម្នាក់​និយាយប្រាប់​ខ្ញុំ​ថា ក្រុម​របស់ខ្ញុំ​សំណាង​ជាងគេ ព្រោះ​អង្គ​ការមិន​យកទៅ​សម្លាប់​ដូច​ក្រុម​មុនៗ​។ ពេលឮ​ដូច្នេះ ខ្ញុំ​កាន់តែ​ខំប្រឹង​ធ្វើការ​បន្ថែមទៀត ព្រោះ​អ្នក​ដែល​មិន​ធ្វើការ ឬ​ធ្វើ​ឲ្យ​ខូច​របស់​ប្រើប្រាស់ ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​ភ្លាម​។ ពេល​ល្ងាច ខ្មែរក្រហម​ហៅ​ខ្ញុំ​ទៅ​សួរ​អំពី​ប្រវត្តិ​ការងារ​ពីមុនមក ព្រោះ​ឃើញ​ខ្ញុំ​ចេះ​គ្រប់​ការងារ​ទាំងអស់​ដែល​ខ្មែរក្រហម​ដាក់​ឲ្យ​ធ្វើ​។ ខ្ញុំ​បាន​ហូបបាយ​ឆ្អែត ហូប​ស្ករ ហើយ​ខ្ញុំ​អាច​បេះ​ផ្លែឈើព្រៃ​ហូប​បន្ថែមទៀត ព្រោះ​អង្គការ​ឃើញ​ខ្ញុំ​ធ្វើការ​ងារ​បាន ល្អ​ជាងគេ​។​

​នៅ​ដើមឆ្នាំ​១៩៧៩ ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​ដេរ​ខោអាវ​ចាស់ៗ ដែល​សល់​ពី​អ្នកស្លាប់ យកមកចែក​ឲ្យ​ប្រជាជន​នៅក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ នៅពេលដែល​ខ្ញុំ​ចែក​ខោអាវ​រួច ស្រាប់តែ​ឃើញ​កងទ័ព​វៀតណាម​ចូលមក​ដល់ ដូច្នេះ​ខ្មែរក្រហម​ចាប់ផ្ដើម​កៀរ​ប្រជាជន​ចូលទៅ​ក្នុងព្រៃ​។ ចំណែក​គ្រួសារ​របស់ខ្ញុំ​បបួលគ្នា​ត្រឡប់មក​ស្រុក​វិញ​។ ពេលនោះ យោធា​ខ្មែរក្រហម​បាន​ជិះសេះ​តាម​ពីក្រោយ ប៉ុន្តែ​ពេល​ឃើញ​ខ្ញុំ​មានកាំបិត​បម្រុង​តដៃ​ក៏​ត្រឡប់​ទៅវិញ​បាត់​។ នៅតាម​ផ្លូវ​យោធា​ខ្មែរក្រហម​បាន​លួច​ស្ទាក់​បាញ់​គ្រួសារ​ខ្ញុំ​និង​ប្រជាជន​ផ្សេងទៀត​។ ខ្ញុំ​បម្រុង​ចូល​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​កងទ័ព​វៀតណាម​និង​កងទ័ព​រណសិរ្ស​បាន​ហាមឃាត់​មិន​ឲ្យ​ចូល ដូច្នេះ​ខ្ញុំ​បន្តដំណើរ​មក​ព្រៃវែង​តែម្ដង​។ ខ្ញុំ​ធ្វើដំណើរ​ជាង​១០​ថ្ងៃ​បានមក​ដល់​ស្រុក​កំពង់ត្របែក​។ ខ្ញុំ​បាន​ជួប​ម្ដាយ​ឪពុក បងប្អូន និង​រស់នៅ​ជាមួយគ្នា​រហូតមកដល់​សព្វថ្ងៃ​។ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាត់បង់​ប្ដី​ជាទី​ស្រឡាញ់ និង​ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់​ដែល​ផ្លាស់​ទៅ​ប្រចាំការ​នៅ​ខេត្តកំពត​នៅក្នុង​សម័យ លន់ នល់​៕សរន