ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់កសិករទាំងអស់ ឱ្យងាកមកប្រើប្រាស់ ម៉ាស៊ីនដាំស្រូវជាជួរ គឺសន្សំសំចៃកម្លាំង និងពូជស្រូវ ។
លោកបានអំពាវនាវបែបនេះ នៅក្នុងកម្មវិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ ដល់សហគមន៍ សាមគ្គីមានជ័យ ស្ថិតនៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានការចូលរួមពី ប្រជាកសិករ ប្រមាណជាង ៤០ នាក់ ។
លោកបានបន្តថាៈ ដើម្បីលើកស្ទួយការប្រើប្រាស់ ឧបករណ៍ដាំស្រូវជាជួរ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីសារៈប្រយោជន៍ នៃការប្រើប្រាស់ឧបករណ៍នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយកម្មវិធី ខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី ធ្វើស្រែបង្ហាញ ដាំស្រូវជាជួរ ដែលប្រើឧបករណ៍ បង្ហាញសម្រាប់ស្រូវប្រដេញទឹក និងស្រូវប្រាំង ដោយប្រើពូជស្រូវនាងក្រអូប និងពូជស្រូវ អ៊ីអឹម «៥៤៥១» ក្នុងស្រុកចំនួនបួន មានស្រុកតាំងគោក ស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់ ក្នុងគោលបំណងផ្សព្វផ្សាយ បន្តដល់កសិករ ជុំវិញស្រែបង្ហាញ និងដើម្បីបង្កើនចំណេះដឹង ដល់កសិករ ក្នុងការតម្លើង និងប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរ ជំរុញឲ្យកសិករ ប្រើប្រាស់ឧបករណ៍ ដាំស្រូវជាជួរនេះ ពីព្រោះចំណាយគ្រាប់ពូជតិច ស្រូវដុះលូតលាស់ល្អ ដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូល បានគ្រប់គ្រាន់ ចែករំលែកបទពិសោធន៍ ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍នេះ កន្លងមក ដល់កសិករផ្សេងទៀត ក្នុងតំបន់ ។
លោកបានបញ្ជាក់ទៀតថាៈ ការប្រើប្រាស់ម៉ាស៊ីនដាំជាជួរនេះ គឺសន្សំសំចៃកម្លាំងជាង ព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អ មិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺ និងខ្យល់ចេញចូល គ្រប់គ្រាន់ ស្រូវដុះជាជួរ ងាយស្រួល ក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃ និងស្មៅ ទិន្នផលប្រហាក់ប្រហែល និងខ្ពស់ជាងការប្រើប្រាស់ ពូជច្រើន គ្រាប់ស្រូវពេញល្អ ងាយស្រួលកាត់ពូជលាយ កសិករអាចសម្រាំងទុក ជាគ្រាប់ពូជ នៅរដូវបន្តបាន។
ជាមួយគ្នានេះ ប្រជាកសិករ ដែលបានអនុវត្តការប្រើប្រាស់ម៉ាស៊ីន ជាជួរនេះរួចហើយ បានលើកឡើងថាៈ ការប្រើប្រាស់ម៉ាស៊ីន ដាំជាជួរនេះ គឺសន្សំសំចៃកម្លាំងជាងព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អ មិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ស្រូវដុះជាជួរ ងាយស្រួល ក្នុងការថែទាំ និងកំចាត់សត្វល្អិត ចង្រៃ និងស្មៅទិន្នផល ប្រហាក់ប្រហែល និងខ្ពស់ជាងការប្រើប្រាស់ ពូជច្រើនគ្រាប់ស្រូវ ពេញល្អ។
លោក បានអំពាវនាវដល់ ប្រជាកសិករដទៃទៀត មកចាប់អារម្មណ៍ លើការប្រើប្រាស់ ម៉ាស៊ីនដាំជាជួរនេះវិញម្តង ៕/V