ដោយៈមុនីរ័ត្ន/ភ្នំពេញៈ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហពន្ធ័ម៉ាឡេស៊ី ព្រមទាំងអគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៧ ខែកុម្ភៈ ស្អែកនេះ។
គិតត្រឹមល្ងាចថ្ងៃទី១៦ ខែកុម្ភៈគណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈរួមមាន៖
១- រដ្ឋមន្ត្រីការបរទេស នៃប្រទេសព្រុយណេដារូសាឡឹម
២- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី
៣- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
៤- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតឡាវ
៥- រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ
៦- រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន
៧- គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៨- គណៈប្រតិភូអគ្គលេខាធិការអាស៊ាន
៩- គណៈប្រតិភូម៉ាឡេស៊ី។
កម្ពុជា ជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាពសាមគ្គីភាព និងឯកភាពអាស៊ានព្រមទាំង ពិភាក្សា គ្នាអំពីរបៀបនិងវិធីសាស្ត្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារ ឡើងវិញប្រកបដោយ បរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន៕សរន