ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២២បានបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសឹង្ហបុរី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានជួបប្រជុំទ្វេភាគី ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរដែលមានស្រាប់រវាងកម្ពុជានិងសិង្ហបុរីនិងបានពិភាក្សាអំពីវីធីសាស្ត្រនិងមធ្យោបាយនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងពហុវិស័យ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះភាពវិជ្ជមាន និងកំណើនក្នុងពាណិជ្ជកម្មទ្វេភាគី បើទោះបីជាមានការប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក្តី។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើ ១. បង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់សឹង្ហបុរី ២. រៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និង ៣. អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (DTA) ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពេលទទួលស្គាល់អំពីវត្តមានដ៏មានសារសំខាន់នៃការវិនិយោគរបស់ សិង្ហបុរីនៅកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទីបួនក្នុងសកម្មភាពវិនិយោគឆ្នាំ២០២១ បានលើកទឹកចិត្តឱ្យមានការវិនិយោគរបស់សឹង្ហបុរីច្រើនថែមទៀត ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងបៃតង កសិ-ឧស្សាហកម្ម ដែលផ្តល់នូវការលើកទឹកចិត្តថ្មី និងសម្បូរបែប ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ឯកឧត្តម ប្រាក់ សុខុន បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលសឹង្ហបុរី ដែលបានផ្តល់សម្ភារៈវេជ្ជសាស្ត្រផ្សេងៗ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសសឹង្ហបុរី តាមរយៈការអនុញ្ញាតឱ្យពួកគេទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា ពលរដ្ឋសឹង្ហបុរី ក៏បានទទួលការយកចិត្តទុកដាក់ដូចគ្នា នៅកម្ពុជា ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគី ថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្ររស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ២០២១-២០២៣ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រ ស្ដីពីការបើកទទួលទេសចរវ៉ាក់សាំង និងវិធីសាស្ត្រគោលនយោបាយ ដើម្បីជំរុញទេសចរក្នុងប្រទេស ឆ្នាំ២០២១-២០២៣ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុងការទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងរវាងប្រទេសទាំងពីរ ផងដែរ។ ភាគីទាំងពីរមានសេចក្ដីសោមនស្សដោយបានកត់សម្គាល់ឃើញថា នៅតែមានជើងហោះហើរមួយចំនួនកំពុងធ្វើប្រតិបត្តិការទៅមកកម្ពុជា និងសឹង្ហបុរី បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ដោយសារតែភាគរយខ្ពស់នៃចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំងនៅក្នុងប្រទេសទាំងពីរ និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។
សម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់សឹង្ហបុរី ក្នុងការកសាងសមត្ថភាពដល់មន្ត្រី រាជការកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម។ ឯកឧត្ដម បានស្នើឱ្យប្រទេស សឹង្ហបុរីពិចារណាផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសក្រោមកម្មវិធី បណ្ដុះបណ្ដាលគ្រូ(Education Training the Trainers Program) បណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ និងអាហារូបករណ៍អាស៊ាន ផ្នែកវិស្វកម្មថែរក្សាយន្តហោះ និងការគ្រប់គ្រងអាកាសចរស៊ីវិល។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្ឌិត្យសភាការទូតនៃប្រទេសសឹង្ហបុរី។
ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរមន្ត្រីយោធា និងមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា និងសិង្ហបុរី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសសឹង្ហបុរីដែលបានផ្តល់ជំនួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពដល់មន្ត្រីនគរបាលជាតិរបស់កម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាពាក់ព័ន្ធនឹង អាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដមនាយករដ្ឋមន្ត្រី Lee Hsien Loong នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសសឹង្ហបុរី សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានអបអរសាទរ និងគាំទ្រយ៉ាងកក់ក្តៅចំពោះឯកឧត្តម ប្រាក់ សុខុន សម្រាប់តួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។
ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាដែលជាផលប្រយោជន៍ និងការព្រួយបារម្ភរួម និងបានសម្តែងនូវការគាំទ្រគ្នាទៅវិញទៅមក យ៉ាងពេញទំហឹងនៅក្នុងវេទិកាពហុភាគីនានា រួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។
ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ ក៏មានជំនួបដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជាផងដែរ៕សរន