ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញៈ តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា លីគទី២ របស់កម្ពុជា (Cambodia League 2) នឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ តទៅហើយ ។
បណ្ដាឆ្នាំកន្លងមកលីគទី២នេះមិនអនុញ្ញាតឲ្យយកកីឡាករបរទេសមកដាក់លេងឡើយ តែសម្រាប់ឆ្នាំនេះក្រុមនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៤រូបដែល៣រូបអាចលេងលើទីលានបាន។ យុវជនពេលនេះកំពុងតែក្លាយជាគោលដៅសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ហេតុនេះការចុះបញ្ជីកីឡាករអាយុក្រោម២២ឆ្នាំ យ៉ាងតិចចំនួន៦នាក់ ដែលក្នុងនោះ២នាក់ត្រូវតែមានវត្តមានលើទីលានពេញ៩០នាទីតែម្ដង ។
ឆ្នាំនេះមានក្រុមចូលរួមចំនួន១២ក្រុម គឺកើនលើសឆ្នាំមុនៗ។ ក្រុមទាំង១២នោះមានខេត្តព្រៃវែង នគរបាលជាតិ អាស៊ីអឺរុបយូណាយធីត អគ្គីសនីកម្ពុជាសូលទីឡូអង្គរ អាយ អេស អាយ ដង្កោសែនជ័យ ខេត្តសៀមរាប បន្ទាយមានជ័យ កោះកុងអេហ្វស៊ី ខេត្តត្បូងឃ្មំ និង ក្រុមណិចស្ដិបអែហ្វស៊ី ដែលការប្រកួតក្រុមនីមួយៗត្រូវជួបគ្នា២ដង ។
លីគទី២មានការផ្លាស់ប្ដូរ ដោយកំណត់អត្តសញ្ញាណថ្មី និមិត្តសញ្ញាថ្មីដែលជានិមិត្តសញ្ញាតំណាងឲ្យយុវជន ការអភិវឌ្ឍន៍ ហើយនឹងក្លាយជាផ្លូវទៅកាន់ CPL (Cambodia Premier League)ដែលជាលីគកំពូលរបស់កម្ពុជា ។
លីគទី២បានចាប់ឆ្នោតសម្រាប់ការប្រកួតរួចហើយដែលសប្ដាហ៍ដំបូងក្រុមអាយ អេស អាយ ប្រកួតជាមួយក្រុមព្រៃវែងអេហ្វស៊ី។ សូលទីឡូអង្គរប្រកួតជាមួយក្រុមអគ្គស្នងការនគរបាលជាតិ ក្រុមអាស៊ីអឺរុបយូណាយធីតប្រកួតជាមួយក្រុមសៀមរាប អគ្គីសនីកម្ពុជាប្រកួតជាមួយខេត្តបន្ទាយមានជ័យ។ កោះកុងអេហ្វស៊ីប្រកួតជាមួយក្រុមខេត្តត្បូងឃ្មំនិងក្រុមណិចស្ដិបអែហ្វស៊ីប្រកួតជាមួយក្រុមដង្កោសែនជ័យ៕