ដោយៈរ៉ាម៉ន/ភ្នំពេញៈ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៦នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹង របស់មន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី១៦ កុម្ភៈ ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍ លើកទី២ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ទី០៧ កុម្ភៈ (សរុបចំនួន៨៩៧នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង ១៧:០០ ល្ងាចថ្ងៃដដែល ត្រូវបានរកឃើញថាចំនួន ១៦នាក់ វិជ្ជមានកូវីដ-១៩។
មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ ក៏ណែនាំក្រុមបាតុករ និងអ្នកពាក់ប័ន្ធទាំងអស់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង១៦នាក់ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាល៕