​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លីម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​និង​អង្គការ​ណា​តូ​បាន​ចូលរួម​ជាមួយ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ពុធ​ទី​១៦​កុម្ភៈ ដោយ​និយាយថា មិន​មាន​សញ្ញា​នៃ​ការដក​ទ័ព​រុស្ស៊ី​ចេញ​ទេ បន្ទាប់​ពី​ការ​ចល័ត​ទ័ព​នៅក្នុង​តំបន់​កាន់កាប់​គ្រី​មេ​បាន​ជំរុញ​ឱ្យមាន​របាយការណ៍​ថា​វិបត្តិ​អាច​ធូរស្រាល​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី (Volodymyr Zelensky)​បាន​មើល​ការ​ហ្វឹកហ្វឺន​របស់​ទាហាន​អ៊ុយ​ក្រែន​ជាមួយនឹង​អាវុធ​ប្រឆាំង​រថក្រោះ​ថ្មី​ដែល​ផ្គត់ផ្គង់​​ដោយ​លោក​ខាងលិច​នៅ​ជិត​ទីក្រុង​រី​វ​ណេ (Rivne) ភាគ​ខាងលិច​នៃ​រដ្ឋធានី​គៀវ​។​

​លោក​ក៏​បាន​ចុះ​ទៅ​ទីក្រុង​ជួរមុខ ម៉ា​រី​វ​ប៉ូល (Mariupol)​ផងដែរ​ដើម្បី​កត់សម្គាល់​នូវ​អ្វី​ដែល​គាត់​បានប្រកាសថា​ជា “​ទិវា​ឯកភាព​ជាតិ​” របស់​អ៊ុ​យក្រែន ដោយ​ពាក់អាវ​ក្រៅ​ពណ៌​បៃតង​អូ​លីវ​ស្ទីល​យោធា​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅ​ថ្ងៃ​ដែល​ចារកម្ម​លោក​ខាងលិច​បាន​ព្រមាន​ថា​ទីក្រុង​មូ​ស្គូ​អាច​ជ្រើសរើស​ឈ្លានពាន​អ៊ុ​យក្រែន យ៉ាង​ដូច្នេះ​ថា “​យើង​មិន​ខ្លាច​នរណាម្នាក់ ឬ​សត្រូវ​ណាមួយ​នោះឡើយ​។ យើង​នឹង​ការពារ​ខ្លួន​យើង​”​។​

​វោហា​សាស្ត្រ​និង​ការបង្ហាញ​កម្លាំង​របស់​អ៊ុយ​ក្រែន​គឺ​ផ្ទុយ​ពី​រូបភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី ដែល​បង្ហាញ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​បញ្ចប់​សមយុទ្ធ​ដ៏​ធំ​មួយ​នៅ​តំបន់​គ្រីមេ​។​

​ប៉ុន្តែ​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា គ្មាន​ភស្តុតាង​ណាមួយ​នៃ​ការដក​ទ័ព​រុស្ស៊ី​ចេញ​វិញ​នោះទេ​។​

​លោក​បាន​និយាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា “​យើង​កំពុង​មើលឃើញ​ការប្តូរ​វេន​ទ្រង់ទ្រាយ​តូចៗ​។ ខ្ញុំ​នឹង​មិន​ហៅ​ការប្តូរ​វេន​ទាំង​នេះ​ថា​ជា​ការដក​កងកម្លាំង​រុស្ស៊ី​នោះទេ​។​យើង​មិន​ឃើញ​មានការ​​ផ្លាស់​ប្តូរ​នោះ​ទេ​”៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី​កំពុង​មើល​ការ​ហ្វឹកហ្វឺន​របស់​ទាហាន​អ៊ុយ​ក្រែន​ជាមួយនឹង​អាវុធ​ប្រឆាំង​រថក្រោះ​ថ្មី​ដែល​ផ្គត់ផ្គង់​ដោយ​លោកខាងលិច​នៅ​ជិត​ទីក្រុង​រី​វ​ណេ​