ដោយៈដេប៉ូ/ព្រះសីហនុៈ«ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ជាក្ដីសង្ឃឹមថ្មីរបស់ខេត្តព្រះសីហនុនិងជា ទំនួលខុសត្រូវដ៏ខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិផងដែរ»។ នេះជាការថ្លែងរបស់ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួង បរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងប្រគល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស«អេ»(A)នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

លោក សាយ សំអាល់ បានបន្តថា លោកគ្រូអ្នកគ្រូក៏ជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមដុសខាត់កែច្នៃទំពាំងដែល ជាអ្នកស្នងប្រទេសជាតិ និងខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ជាមួយគ្នានេះ លោក ក៏បាននាំនូវការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែតបេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគតដែលជានិច្ចកាលលោកតែងគិតគូរនិងខិតខំស្វែងរកវ៉ាក់សាំងដើម្បី ចាក់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍ ក៏ដូចជាប្អូនៗសិស្សានុសិស្សដែលធ្វើឱ្យការប្រឡងរបស់ប្អូនៗ ប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ឱ្យដឹងថា តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន១.៣៥២នាក់ (ស្រី ៧១០នាក់) ប្រឡងជាប់ចំនួន១.០២៣នាក់ (ស្រី ៥៦២នាក់) ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖ និទ្ទេសA មានចំនួន២០នាក់ (ស្រី០៩នាក់) ដែលរៀននៅវិទ្យាល័យហ៊ុនសែនក្រុង ចំនួនប្រាំពីរនាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួនបីនាក់ វិទ្យាល័យជីវិតចំនួនបីនាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ចំនួនពីរនាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួនពីរនាក់ វិទ្យាល័យសុវណ្ណភូមិចំនួនពីរនាក់ និងវិទ្យាល័យស្ទឹងហាវចំនួនមួយនាក់។
សិស្សនិទ្ទេសប៊ី(B) មានចំនួន៦៧នាក់(ស្រី៤៣នាក់) និទ្ទេសស៊ី(C )មានចំនួន១៧០នាក់ (ស្រី៩៩នាក់) និទ្ទេស ឌី(D )មានចំនួន៣៧២នាក់ (ស្រី២០៩នាក់) និងនិទ្ទេស អ៊ី (E) មានចំនួន៣៩៤នាក់ (ស្រី២០២នាក់)។

សម្រាប់សិស្សានុសិស្សជ័យលាភីនាពេលនេះ ទទួលបានការលើកទឹកចិត្តរួមមាន៖ និទ្ទេសA ចំនួន២០នាក់ក្នុងម្នាក់ៗ ទទួលបានម៉ូតូមួយគ្រឿង និងថវិកា៥០០ដុល្លារ, និទ្ទេសB ចំនួន៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០ដុល្លារ និងនិទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារ៕សរន