ដោយៈ ប.ខុន/ភ្នំពេញៈ គម្រោងនៃប្រព័ន្ធស្រោចស្រព និងការពារជំនន់ទឹកស្ទឹងព្រែកត្នោតសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម អនុវត្តដោយក្រុមហ៊ុន GDFC ប្រើប្រាស់កញ្ចប់ថវិកាជំនួយហិរញ្ញប្បទាន បានមកពីសាធារណរដ្ឋប្រជាមានិតចិន គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្តបានលទ្ធផលប្រមាណជា៣០ភាគរយនៃគម្រោងហើយនៅលើការដ្ឋានផ្សេងៗគ្នាជាច្រើនគោលដៅ បន្ទាប់ពីបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមលោកជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានគោលបំណងសំខាន់ក្នុងការទាញយកទឹកស្ទឹងព្រែកត្នោតសម្រាប់ស្រោចស្រពដីស្រែប្រាំងចំនួ ន១០.១៥០ហិកតា និងស្រូវវស្សា១៧.៧៣០ហិកតា។ ជាពិសេសជាងនេះទៀត គឺការពារជំនន់ទឹកស្ទឹងព្រែកត្នោតដែលតែងតែគំរាមកំហែងដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា។
គម្រោងដែលបានរៀបចំឡើងដោយក្រសួងធនធានទឹក និងឧតុនិយមជាច្រើនឆ្នាំមកហើយនេះ ត្រូវបានលោកជា សុខនី បញ្ជាក់ថាប្រើប្រាស់កញ្ចប់ថវិកាជាជំនួយ
ហិរញ្ញប្បទានបានមកពីសាធារណរដ្ឋប្រជាមានិតចិន។ តាមពិតគម្រោងនេះត្រូវអនុវត្តតាំងពីដើមឆ្នាំ២០២១ តែដោយសារវិប្បត្តិកូវីដ ១៩ ទើបធ្វើឱ្យមានការពន្យាពេលរហូតមក ដល់ចុងឆ្នាំទើបបានចាប់ផ្តើមអនុវត្ត។
លោកលឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមត្រូវបានគេមើលឃើញថាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងដ៏សំខាន់សម្រាប់ការពារជំនន់ទឹក ស្ទឹងព្រែកត្នោត ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយបានគំរាមកំហែងដល់រាជធានីភ្នំពេញនិងខេត្តកណ្តាលកាន់តែធ្ងន់ធ្ងរនៅចុងរដូវវស្សារួចមក៕