ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រមុខចារកម្មយោធារបស់អង់គ្លេសបានព្រមានថា រុស្ស៊ីកំពុងបន្តចល័តកម្លាំងឆ្ពោះទៅព្រំដែនជាមួយអ៊ុយក្រែន បើទោះបីជាមានការអះអាងដោយក្រុងមូស្គូថា ខ្លួនបានដកទ័ពចេញក៏ដោយ។
ឧត្តមសេនីយ៍ឯក សៀ ជីម ហុកកិនហ៊ូល (Sir Jim Hockenhull)ជាប្រធានផ្នែកចារកម្មការពារជាតិ បាននិយាយថា មានការឃើញការបន្ថែមរថពាសដែក ឧទ្ធម្ភាគចក្រ និងមន្ទីរពេទ្យទីវាលមួយ ចល័តទីទៅកាន់តំបន់ព្រំដែន។
ការព្រមានយ៉ាងម៉ឺងម៉ាត់របស់គាត់បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិណាតូ ដែលជួបប្រជុំនៅទីក្រុងព្រុចសែល បាននិយាយថាពួកគេមិនបានឃើញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងរបស់រុស្ស៊ីថា ខ្លួនបានចាប់ផ្តើមដកកងទ័ពទៅកាន់មូលដ្ឋានរបស់ពួកគេវិញនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិ ឧត្តមសេនីយ៍ ហុកកិនហ៊ូល បាននិយាយថា “ផ្ទុយទៅនឹងការអះអាងរបស់ពួកគេរុស្ស៊ីនៅតែបន្តបង្កើនសមត្ថភាពយោធានៅជិតអ៊ុយក្រែន។ នេះរួមបញ្ចូលទាំងការមើលឃើញការបន្ថែមរថពាសដែក ឧទ្ធម្ភាគចក្រ និងមន្ទីរពេទ្យទីវាលមួយ ដែលកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែនអ៊ុយក្រែន។ រុស្ស៊ីមានកម្លាំងយោធាសម្រាប់ធ្វើការឈ្លានពានអ៊ុយក្រែន”។
មុននេះ រដ្ឋមន្ត្រីការពារជាតិរបស់សម្ពន្ធមិត្តណាតូបាននិយាយថា ពួកគេនៅតែមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការបង្កើនយោធារុស្ស៊ីហើយជាថ្មីម្តងទៀតបានជំរុញឱ្យវិមានក្រឹមឡាំងត្រឡប់ទៅរក “ផ្លូវការទូត” ស្របតាមការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន។
អគ្គលេខាធិការអង្គការណាតូលោក ជែន ស្តូលធិនបឺក (Jens Stoltenberg)បាននិយាយថា ណាតូកំពុងពិចារណាបង្កើតក្រុមសមរភូមិថ្មីនៅអឺរ៉ុបភាគកណ្តាល ភាគខាងកើត និងភាគអាគ្នេយ៍ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីទីក្រុងមូស្គូ ដែលលោកពណ៌នាថាជា “រឿងធម្មតាថ្មី”៕
ឧត្តមសេនីយ៍ ហុកកិនហ៊ូល និយាយថា រុស្ស៊ីនៅតែបន្តចល័តរថពាសដែកចូលមកជិតព្រំដែនអ៊ុយក្រែន