ដោយៈ ចាន់តូ/ភ្នំពេញៈ បុរសម្នាក់ដែលជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលបុកគូទ រថយន្តកុងតឺន័រពីក្រោយកំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង បានស្លាប់បាត់បង់ជីវិតពេលដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១១:៣០យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ជិតស្តុបវិមានឈ្នះ ឈ្នះប្រមាណ២០០ម៉ែត្រក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សពជនរងគ្រោះមានឈ្មោះ ផាន់នី ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ។ មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាល។
បុរសរងគ្រោះជិះម៉ូតូស៊ូម័រអិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១DO ៣៥៣២ ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពុងចាម ៣B ០២៦៧ ពេញទំហឹងបណ្ដាលឱ្យបោកក្បាលនឹងគូទរថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏ស្លាប់បាត់បង់ជីវិត៕