ប្រែសម្រួលៈបំណង (ST/THE STAR/ASIA NEWS NETWORK)៖ម៉ាឡេស៊ីកាលពីថ្ងៃពុធបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីខ្ពស់បំផុតចំនួន ២៧.៨៣១នាក់ តែជាង៩០ភាគក្នុងចំណោមពួកគេបង្ហាញរោគសញ្ញាស្រាលនិងមធ្យមចំពេលវីរុសអូមីក្រុងកំពុងវាយប្រហារ។
ការឆ្លងខ្ពស់បំផុតកាលពីមុននៅម៉ាឡេស៊ី គឺចំនួន២៤.៥៩៩នាក់ដែលត្រូវបានកត់ត្រាឃើញកាលពីថ្ងៃ២៦សីហា ឆ្នាំ២០២១។
បូករួមនឹងចំនួនថ្មីនេះ ម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩សរុប ៣.១១១.៥១៤នាក់ ចាប់តាំងពីដើមឆ្នាំ២០២០មក។
នៅប្រទេសឥណ្ឌូនេស៊ីក្បែរខាងឯណោះវិញ ការឆ្លងកូវីដ១៩ក៏ហក់ឡើងខ្ពស់បំផុតផងដែរ ដោយកាលពីថ្ងៃអង្គារប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ចំនួនឆ្លងថ្មីជាង៥៧.០០០នាក់ ដោយកើនហួសចំនួនឆ្លងខ្ពស់បំផុតពីមុន៥៦.៧៥៧នាក់ ដែលត្រូវបានកត់ត្រាឃើញកាលពីខែកក្កដាឆ្នាំ២០២១ ពេលវីរុសដែលតាវាយលុកខ្លាំង។
ឥណ្ឌូនេស៊ីក៏បានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩ចំនួន១៣៤នាក់ទៀតកាលពីថ្ងៃអង្គារ ។
ទោះជាចំនួនឆ្លងកើនឡើង ក៏ចំនួនស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះ និងអត្រាចូលដេកពេទ្យធ្លាក់មកនៅ៣៣ភាគរយនៃគ្រែពេទ្យដែលមាន។កាលពីក្នុងអំឡុងវីរុសដែលតាវាយលុកខ្លាំង អ្នកជំងឺកូវីដបានចូលដេកអស់៧៧ភាគនៃគ្រែពេទ្យដែលមាន។
គិតមកត្រឹមថ្ងៃអង្គារ ឥណ្ឌូនេស៊ីមានអ្នកកើតកូវីដ១៩សរុប ៤,៩លាននាក់ និងជាង១៤៥.០០០នាក់ស្លាប់។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ហាក់នៅយឺត ដោយក្នុងចំណោមប្រជាជន២៧០លាននាក់របស់ខ្លួន មានតែពាក់កណ្តាលបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងរាតត្បាតសកលនេះបានពីរដូស៕
ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីបានឡើងដល់ជាង៥៧.០០០នាក់