ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​និង​ស្ត្រី​ពីរ​នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ស៊េរី​ទំនើប បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​បុក​រ៉ឺម៉ក​គាត់​ពេញទំហឹង នឹង​បន្ត​ទៅបុក​ដើមឈើ និង​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​ទៀត កាលពី​វេលា​ម៉ោង​៤ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ ។​

​បុរស​ដែល​ស្លាប់​ឈ្មោះ ណាក់ អាយុ​៣៨​ឆ្នាំ មុខរបរ​ដឹក​បន្លែ រស់នៅ​ភូមិ​ជ្រោយ​ចំប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ស្ត្រី​រងរបួស​ជា​ប្រពន្ធ​មានឈ្មោះ យ៉ែម សម្ផស្ស អាយុ​៤២​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​សិន​ជូ​រី ពោធិ៍ចិនតុង រស់នៅ​ជាមួយ​ប្តី និង​អ្នករួមដំណើរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ដោយឡែក​អ្នកបើករថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​

​រថយន្ត​ស៊េរី​ទំនើប​បង្កហេតុ ម៉ាក AUDI A7 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ.2550 បើកបរ​ដោយ​យុវជន​ម្នាក់ និង​រួម​ដំណើរ​យុវជន​ម្នាក់ទៀត​ស្រវឹងស្រា​ជោក​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង ស្ទូច​យក​រថយន្ត និង​រ៉ឺម៉ក​ទៅ​រក្សាទុក នៅ​ចរាចរណ៍​ក្រុង​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ចំណែក​សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​