ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី១៦កុម្ភៈថា មនុស្សយ៉ាងហោចណាស់ចំនួន ៧៨ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ភ្លាមៗនិងការរអិលបាក់ដី ដែលបានវាយប្រហារទីក្រុងដ៏ស្រស់ត្រកាល ប៉េត្រូប៉ូលីស (Petropolis)របស់ប្រេស៊ីល ដោយបានប្រែក្លាយផ្លូវទៅជាទន្លេដ៏ហូរហៀរ និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង។
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកអ្នកនៅរស់រានមានជីវិតដែលកប់ក្នុងភក់និងបំណែកបែកបាក់បន្ទាប់ពីព្យុះដ៏ខ្លាំងកាលពីថ្ងៃអង្គារបានធ្វើឱ្យមានទឹកភ្លៀងធ្លាក់ស្មើនឹងមួយខែក្នុងរយៈពេលត្រឹមតែបីម៉ោងនៅទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតនៅតំបន់ភ្នំភាគខាងជើងនៃទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ (Rio de Janeiro) ។
មានការបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈក្រុមពន្លត់អគ្គិភ័យនិងអ្នកស្ម័គ្រចិត្តបានជីកសំណល់នៃផ្ទះជាច្រើនខ្នងដែលទាញទៅបាត់ដោយភក់ដែលផ្ទះភាគច្រើនគឺនៅក្នុងតំបន់អនាធិបតេយ្យក្រីក្រនៅលើភ្នំ។
វាជាព្យុះចុងក្រោយបង្អស់ដែលបានវាយប្រហារប្រទេសប្រេស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលបីខែកន្លងមកនេះ ដែលអ្នកជំនាញនិយាយថាកំពុងធ្វើឱ្យកាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុ។
រដ្ឋាភិបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានជួយសង្គ្រោះទាំងនៅរស់។ ដោយប្រើសត្វឆ្កែ អេស្កាវ៉ាទ័រ និងឧទ្ធម្ភាគចក្រ អ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់ជាបន្ទាន់ មុនពេលវាយឺតពេល។
ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ៣០០ នាក់កំពុងស្ថិតនៅទីជម្រកបណ្តោះអាសន្ន ដែលភាគច្រើនគឺនៅសាលារៀន។ អង្គការសប្បុរសធម៌នានាបានអំពាវនាវសុំអំណោយជា ពូក អាហារ ទឹក សម្លៀកបំពាក់ និងម៉ាស់សម្រាប់ជនរងគ្រោះ៕
ទីក្រុងប៉េត្រូប៉ូលីសត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ