ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ការសិក្សា​មួយ​បាន​លើកឡើង​ថា អ្នក​ដែល​ឆ្លងកូវី​ដ​១៩ ទំនង​ជា​បន្ត​ទទួល​រង​នូវ​ជំងឺ​បាក់​ទឹកចិត្ត​និង​ការ​ថប់​បារម្ភ​។​

​អ្នកជំនាញ​បាន​និយាយថា ការស្រាវជ្រាវ​នេះ​មាន​ការគាំទ្រ​ពី​លទ្ធផល​រក​ឃើញ​ពី​មុន ប៉ុន្តែ​ក៏​មាន​ការតាមដាន​យ៉ាងយូរ​ជាមួយ​មនុស្ស​អស់​រយៈពេល​មួយ​ឆ្នាំ​ផងដែរ​។​

​អ្នកស្រាវជ្រាវ​អាម៉េរិក​បាន​មើល​ទិន្នន័យ​សម្រាប់​មនុស្ស ១៥៣.៨៤៨ នាក់​ដែល​បាន​ឆ្លងកូវី​ដ ហើយ​បាន​ប្រៀបធៀប​ពួកគេ​ជាមួយនឹង​មនុស្ស​ជាង ៥៦០.០០០​នាក់​ដែល​មិន​មាន​ប្រវត្តិ​ឆ្លងកូវី​ដនិង​​ក្រុមមនុស្ស​ដែល​មាន​ការត្រួតពិនិត្យ​ដ៏​ធំ​បន្ថែមទៀត​មុនពេល​មាន​ជំងឺ​រាតត្បាត​។​

​លទ្ធផល​បាន​បង្ហាញថា កូវី​ដ​១៩​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត រួម​ទាំង​ការ​ថប់​បារម្ភ ការបាក់​ទឹកចិត្ត ការប្រើប្រាស់​សារធាតុ​ញៀន​និង​បញ្ហា​នៃ​​ការ​គេង​មិន​លក់​រហូត​ដល់​មួយ​ឆ្នាំ​បន្ទាប់​ពី​ការឆ្លង​មេរោគ​កូរ៉ូណា​។​

​បើ​ប្រៀបធៀប​ជាមួយនឹង​ក្រុម​ដែល​មិន​ឆ្លង​សោះ អ្នក​ដែល​មានកូ​វីដ​១៩​បានបង្ហាញ​ហានិភ័យ​ខ្ពស់​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញ​បញ្ហា​សុខភាព​ផ្លូវចិត្ត ៦០ ភាគរយ ឬ​ត្រូវការ​ថ្នាំ​ព្យាបាល​សុខភាព​ផ្លូវចិត្ត​​នៅ​ចំណុច​ណាមួយ​ក្នុង​រយៈពេល​មួយឆ្នាំ​។​

​អត្រា​ថប់​បារម្ភ​គឺ​ខ្ពស់ជាង ៣៥ ភាគរយ​ក្នុងចំណោម​អ្នក​ដែល​មានកូ​វីដ និង ៣៩ ភាគរយ​ខ្ពស់ជាង​សម្រាប់​ជំងឺ​បាក់​ទឹកចិត្ត​។​មនុស្ស​ក៏​មាន​ទំនោរ​៥៥​ភាគរយ​ក្នុង​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​បាក់​​ទឹកចិត្ត​ផងដែរ​។​

​ការ​ដែល​មានកូ​វីដ​មានន័យថា​មនុស្ស​បន្ថែ​ម ២៤ នាក់​ទៀត​ក្នុងចំណោម ១.០០០ នាក់​មាន​បញ្ហា​ដំណេក ១៥ នាក់​ទៀត​ក្នុងចំណោម ១.០០០ នាក់​មាន​ជំងឺ​បាក់​ទឹកចិត្ត និង ៤​នាក់​ទៀត​មាន​​បញ្ហា​ប្រើប្រាស់​សារធាតុ​ញៀន​។​

​អ្នកស្រាវជ្រាវ​រៀបចំ​ការសិក្សា​នេះ​ដោយ​ប្រើ​ទិន្នន័យ​ពី​ក្រសួង​កិច្ចការ​អតីតយុទ្ធជន​អាម៉េរិក និង បាន​ចេញផ្សាយ​ស្នាដៃ​របស់​ខ្លួន​នៅក្នុង​ទស្សនា​វ​ដ្តី BMJ៕

អ្នកស្រាវជ្រាវ​រៀបចំ​ការសិក្សា​នេះ​ដោយ​ប្រើ​ទិន្នន័យ​ពី​ក្រសួង​កិច្ចការ​អតីតយុទ្ធជន​អាម៉េរិក​