ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ST)៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធបានច្រានចោលរបាយការណ៍នានាដែលថា រុស្ស៊ីបានដកទ័ពចេញពីព្រំដែនអ៊ុយក្រែន តែបែរជាបញ្ជូនទាហានរាប់ពាន់នាក់មកកាន់តំបន់ព្រំដែនទៅវិញ ចំពេលការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមកើនឡើង។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅសេតវិមានបាននិយាយថា រុស្ស៊ីបង្កើនវត្តមានកងកម្លាំងរបស់ខ្លួននៅព្រំដែនជាប់អ៊ុយក្រែនដោយបន្ថែមទាហានប្រមាណ៧.០០០នាក់ ដោយខ្លះទើបទៅដល់កាលពីថ្ងៃពុធ។លោកក៏បានអះអាងថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងមូស្គូអំពីការដកទ័ពនោះ «ជាការមិនពិត ។យើងបន្តទទួលសញ្ញាមកថា ពួកគេអាចបង្កលេសក្លែងក្លាយនៅពេលណាមួយដើម្បីចូលឈ្លានពានដោយស្របច្បាប់»។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្ថែមថា នៅពេលរដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ខ្លួនចង់បានដំណោះស្រាយការទូតមួយ «អំពើរបស់គេបង្ហាញផ្សេង»។
មុននេះកាលពីថ្ងៃពុធដដែល ទាំងអាម៉េរិកនិងអង្គការណាតូ បានរួមជាមួយអ៊ុយក្រែនប្រកាសថា មិនមានសញ្ញានៃការដកទាហានរុស្ស៊ីចេញពីតំបន់ព្រំដែនជាប់នឹងអ៊ុយក្រែនដូចអ្វីដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសកាលពីមួយថ្ងៃមុននោះទេ។
ក្នុងពេលជាមួយគ្នា អធិកាបតីអាឡឺម៉ង់ និងប្រធានាធិបតីអាម៉េរិក បានយល់ស្របគ្នាថា ស្ថានការណ៍នៅអ៊ុយក្រែនត្រូវតែចាត់ទុកថា«ធ្ងន់ធ្ងរខ្លាំង» ដោយសារតែនៅប្រឈមនឹងការចូលឈ្លានពានពីកងទ័ពរុស្ស៊ី ដូច្នេះត្រូវតែប្រុងប្រៀបខ្លួនកំរិតខ្ពស់ ដោយសារមិនមានសញ្ញានៃការដកទ័ពរុស្ស៊ីទេតាំងពីមុនមក។
មេដឹកនាំទាំងពីរក៏ស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីដែលថា គួរបន្តកិច្ចការទូត៕
អាម៉េរិកមិនជឿងថា រុស្ស៊ីដកទ័ពចេញពីព្រំដែនជាប់អ៊ុយក្រែនទេ តែបែរជាបន្ថែមទ័ពទៅវិញ។ក្នុងរូបទាហានរុស្ស៊ីចូលរួមក្នុងសមយុទ្ធនៅតំបន់រ៉ូសតូវ ក្នុងប្រទេសរុស្ស៊ីកាលពីខែមុន