ដោយៈ វណ្ណៈ / ព្រះសីហនុៈ ហ្វូងត្រីផ្សោតសមុទ្រ ច្រើនក្បាល ត្រូវបានពលរដ្ឋ ប្រទះឃើញ បង្ហាញខ្លួននៅដងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បើតាមពលរដ្ឋ ប្រាប់ថា ត្រីផ្សោតច្រើនក្បាល បណ្តែតខ្លួនលេងទឹក នៅព្រែកទឹកសាប ហើយវត្តមានត្រីផ្សោតនេះ បានបង្ហាញឲ្យឃើញថា តំបន់នេះ មានសុវត្ថិភាព មិនមានការរំខាន ឬសម្លាប់ តាមរយៈការចូលរួមថែរក្សា អភិរក្សពីពលរដ្ឋ ។
មន្ត្រីជំនាញខាងជលផល បានថ្លែងថាៈ វត្តមានត្រីផ្សោត តាមដងព្រែកទឹកសាបនេះ ជាផ្នែកមួយ ជួយដល់វិសយ័ទេសចរណ៍ធម្មជាតិ អាចឲ្យអ្នកទេសចរណ៍ ដែលធ្វើដំណើរ កម្សាន្ត តាមដងព្រែក ទស្សនាផងដែរ។
សូមបញ្ជាក់ថា ដងព្រែកទឹកសាប ស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ក្នុងភូមិទឹកសាប ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដងព្រែកទឹកសាប លាតសន្ធឹងកាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានទឹកសាប ភ្ជាប់ទៅដល់សមុទ្ររាមតែម្តង ។ ព្រែកទឹកសាបនេះ មានទឹកសាប លាយជាមួយទឹកប្រៃ មានព្រៃកោងកាង ដុះអមដៃព្រែក សម្បូរជីវចម្រុះ និងក៏ជាទីតាំង ជម្រក ក្តាម, ខ្យង, បង្គា, និងត្រីសមុទ្រ គ្រប់ប្រភេទផងដែរ៕/V