ដោយៈ សុខុម / ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសាលប្រជុំ សាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែងប្រធាន និងអនុប្រធានពន្ធនាគារខេត្ត។

លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីប្រកាសចូល កាន់មុខតំណែង ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង នេះ ។

យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ៤៨៨.ប្រ.ក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យកាន់មុខតំណែង ជាប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ដោយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ត្រូវផ្ទេរភារកិច្ច ឱ្យទៅបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ៕/V-PC