ដោយ: ភ្នំខៀវ / បាត់ដំបងៈ សមត្ថកិច្ចជំនាញ បានបញ្ជូនមនុស្សចំនួន ១១ នាក់ ទៅតុលាការ ខេត្តបាត់ដំបង ក្រោយរកឃើញប្រមូលផ្តុំគ្នា ប្រើប្រាស់សារធាតុញៀន នៅក្នុងក្លិបខារ៉ាអូខេ Hight Class កណ្តាលក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាៈ ក្រុមជនសង្ស័យ ដែលពាក់ព័ន្ធករណី គ្រឿងញៀន សរុបចំនួន ១១ នាក់ ក្រោយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសជាក់ស្តែង នៅក្នុងក្លិបខារ៉ាអូខេ Hight Class ត្រូវបានបញ្ចប់ការកសាងសំណុំរឿង និងបាន បញ្ជូន ទៅសាលាដំបូងខេត្ត តាមនីតិវិធី នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ករណីបង្ក្រាបទប់ស្កាត់ ការប្រើប្រាស់សារធាតុញៀន កណ្តាលក្រុងបាត់ដំបងនេះ ធ្វើឡើង កាលពីរំលងអធ្រាត្រ ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចទីតាំង ខារ៉ាអូខេ យីហោ ហាយក្លាស ( Hight Class ) ឋិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល បានបន្តទៀតថាៈ ប្រតិបត្តិការបង្ក្រាបបទល្មើស ជាក់ស្តែង ខាងលើនេះ កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្ស ទាំងអ្នកពាក់ព័ន្ធផ្ទាល់ និង ប្រយោល សរុបចំនួន ៤០ នាក់ នាំមកសាកសួរ។ បន្ទាប់ពីការស្រាវជ្រាវ កម្លាំងជំនាញ បានកំណត់អត្តសញ្ញាណមនុស្សប្រុស ស្រី ចំនួន ១១ នាក់ មានការពាក់ព័ន្ធផ្ទាល់។

ដោយឡែក វត្ថុតាងដែលដកហូត បានជាក់ស្តែង ក្នុងប្រតិបត្តិការ បង្ក្រាបមានៈ ថ្នាំញៀន ប្រភេទកេតាមីន (KETAMINE) ចំនួន ២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួនជាង ២ គ្រាប់ ទម្ងន់ ០,៨៨ ក្រាម, ប្រាក់អាម៉េរិក​ចំនួន ២.៤៥០ ដុល្លារ និងប្រាក់ខ្មែរ ចំនួន ៦.១០០.០០០ រៀល ៕/V-PC