ដោយៈមុនី​រ័ត្ន​/​ភ្នំពេញ:កម្ពុជា​ជា​ប្រធាន​អាស៊ាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ នៅ​រាជធានី​ភ្នំពេញព្រះរាជាណាចក្រ​កម្ពុជា តាម​ទម្រង់​ចូលរួម​ផ្ទាល់និង​តាម​ប្រព័ន្ធ​វីដេអូ​។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​នេះ​។​

​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ពិនិត្យមើល​ឡើងវិញ​នូវ​ការសម្រេច​នានា​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨​និង​លើក​ទី​៣៩​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែមទៀត​ទំនាក់ទំនង​ខាងក្រៅ​ជាមួយ​ដៃគូ​សន្ទនា​នានា ខណៈពេលថែរក្សា និង​លើកកម្ពស់​ម​ជ្ឈ​ភាព​សាមគ្គីភាព និង​ឯកភាព​អាស៊ាន​ព្រមទាំង ពិភាក្សា គ្នា​អំពី​របៀប​និង​វិធីសាស្ត្រ​ដើម្បី​កៀរគរ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​មួយ​ដែល​កាន់ តែ​ធន់​រឹងមាំ​ឡើង ប្រកបដោយ​ថាមពល ពោរពេញ​ដោយ​សន្តិភាព និង​វិបុលភាព​។

​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​នឹងត្រូវ​សម្រេចបាន​ក្នុងអំឡុងពេល​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ក្រោម​មូលបទ «​អាស៊ាន រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ត្រ ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់ រួមមាន ការគ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ដំណើរ​ការស្តារ ឡើងវិញ​ប្រកបដោយ បរិ​យា​ប័ន្ន ការប្រកួតប្រជែង​ភូមិសាស្ត្រ​-​នយោបាយ បញ្ហា​ជា​ប្រពៃណី និង​មិន​ប្រពៃណី​ដែលមាន​ស្រាប់ និង​ការពង្រឹង​ភាព​ស្អិតរ​មួ​ត ម​ជ្ឈ​ភាព និង​ភាព​ធន់​រឹងមាំ របស់​អាស៊ាន​។​

​គណៈប្រតិភូ​រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ រួមមាន​៖ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ព្រុយណេ​ដា​រូ​សា​ឡឹម​។ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណ រដ្ឋ​ប្រជាមានិត​ឡាវ​។ រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ។ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ហ្វីលីពីន ។ គណៈប្រតិភូ​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ គណៈប្រតិភូ​អគ្គលេខាធិការ​អាស៊ាន​។ គណៈប្រតិភូ​ម៉ាឡេស៊ី​។ ចំណែក​គណៈប្រតិភូ​រដ្ឋ​មន្ត្រី​ការបរទេស​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​៕​សរន