ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ការប្រកួតបាល់ទាត់ដណ្តើមពានអឺរ៉ុបលំដាប់ទី២និងទី៣ គឺ UEFA Europa League និង UEFA Conference League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ គឺឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយជើងទីមួយ ដោយមានសុទ្ធតែក្រុមខ្លាំងៗចូលរួម មិនចាញ់ការប្រកួតក្នុង CL ប៉ុន្មាននោះទេ។ គូធំជាងគេនៅរាត្រីនេះគឺ រវាង Barcelona និង Napoli។
Sevilla ដែលគេដាក់រហស្សនាមឱ្យថាស្តេច Europa League មានភាគរយឈ្នះខ្ពស់ណាស់នៅរាត្រីនេះ នៅពេលទទួលក្រុម Dinamo Zagreb មកពីក្រូអាស៊ី។
ដោយឡែកនៅក្របខ័ណ្ឌ UEFA Conference League ក៏មានគូខ្លាំងៗប្រកួតគ្នានៅយប់នេះផងដែរ ជាពិសេស Leicester, Celtic និង Marseille ដែលសុទ្ធសឹងរំពឹងទទួលជ័យជម្នះ។
ទោះយ៉ាងណា យើងនឹងលើកយកតែ២គូប៉ុណ្ណោះក្នុង EL មកវិភាគជូនដូចខាងក្រោម ៖
– Barcelona vs Napoli
Barcelona និង Napoli នឹងប៉ះគ្នានៅកីឡដ្ឋាន Camp Nou ក្នុងការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងការប្រកួតមួយ ដែលគេធ្លាប់តែឃើញប៉ះគ្នាក្នុងការប្រកួតជម្រុះ Champions League។
Barcelona បានធ្លាក់មកលេងក្នុងការប្រកួតនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូល E នៃក្របខ័ណ្ឌ Champions League តាមពីក្រោយក្រុម Bayern Munich និង Benfica ប៉ុន្តែបាននាំមុខក្រុម Dynamo Kiev ។
បើនិយាយពីក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ក្លិបអ្នកមានបុណ្យកំពុងកាន់កាប់តំណែងលេខ៤ ដោយដេញតាមពីក្រោយក្រុមកំពូលតារាង Real Madrid រហូត ១៥ពិន្ទុ។
ទន្ទឹមនឹងនោះ Napoli បានឈរត្រឹមចំណាត់ថ្នាក់លេខ ២ ក្នុងពូលរបស់ពួកគេក្នុងក្របខ័ណ្ឌ Europa League ខណៈដែលពួកគេបានបញ្ចប់នៅពីក្រោយក្រុម Spartak Moscow បើទោះបីជាមានពិន្ទុស្មើគ្នាក៏ដោយ។
នៅក្នុងក្របខ័ណ្ឌ Serie A ក្លិប Napoli កំពុងស្ថិតក្នុងការប្រណាំងប្រជែងរវាងក្រុមខ្លាំងៗទាំង៣សម្រាប់ពានលីកកំពូល ដោយឥឡូវកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយ AC Milan និង Inter Milan ។
Napoli នឹងឈានចូលការប្រកួតទាំងកំពុងមានទម្រង់លេងល្អដូចផ្កា ខណៈដែលពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកចំនួន ៦ លើកចុងក្រោយ ដោយឈ្នះ ៤ ស្មើ ២ ។
ប្រវត្តិជួបគ្នា
– ក្រុមទាំងពីរធ្លាប់ជួបគ្នានៅវគ្គ ១៦ ក្រុមចុងក្រោយក្នុង CL រដូវកាល ២០១៩/២០។
– Napoli លេងស្មើ ១-១ ក្នុងទឹកដី។
– ទោះយ៉ាងណា Barcelona ឈ្នះវិញ ៣-១ នៅក្នុងទឹកដី ឡើងទៅវគ្គបន្ទាប់។
ត្បិត Barcelona មានប្រវត្តិល្អជាង Napoli ក៏ពិតមែន ប៉ុន្តែប្រៀបធៀបកម្រិតលេងបច្ចុប្បន្ន គេអាចនិយាយបានថាក្រុមអ្នកមានបុណ្យពិបាកនឹងយកឈ្នះលើ Napoli ខ្លាំងណាស់។
Napoli កំពុងឡើងជើង ខណៈ Barcelona កំពុងព្យាយាមស្វែងរកទម្រង់លេងឱ្យបានល្អដូចកាលពីមុន ដូច្នេះគេពិបាកស្រមៃណាស់ថា ពួកគេនឹងអាចយកឈ្នះលើក្រុមយក្សអ៊ីតាលីនៅថ្ងៃនេះ។
លទ្ធផលព្យាករណ៍ Napoli ឈ្នះ ១-០។
– Sevilla vs Dinamo Zagreb
ទីបំផុត Sevilla ដណ្តើមបានជ័យជម្នះក្នុងក្របខ័ណ្ឌ La Liga កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលកីឡាករ Papu Gomez និង Rafa Mir រកបានគ្រាប់បាល់បញ្ចូលទីយកឈ្នះក្នុងលទ្ធផល ២-០ នៅផ្ទះខ្លួនឯងទល់នឹង Elche ។
ជ័យជម្នះនេះបានជួយឱ្យ Sevilla កាត់បន្ថយគម្លាតតាមពីក្រោយក្រុម Real Madrid នៅត្រឹម ៤ ពិន្ទុនៅលើកំពូលតារាងលីកក្នុងស្រុក។
វាក៏ជំរុញស្មារតីរបស់ក្រុមនៅមុនការប្រកួតក្នុងផ្ទះជាមួយនឹងក្រុមជើងឯកក្រូអាស៊ី Dinamo Zagreb ក្នុងពានរង្វាន់ UEFA Europa League វគ្គ ១៦ ក្រុមចុងក្រោយផងដែរ។
Sevilla មានយុទ្ធនាការដ៏ខកចិត្តក្នុងវគ្គចែកពូលនៃ UEFA Champions League ខណៈដែលពួកគេបានបរាជ័យក្នុងការបន្តឡើងវគ្គបន្ទាប់ចេញពីពូលជាមួយ Lille, Salzburg និង Wolfsburg ដោយឈ្នះតែម្តងគត់ក្នុងការប្រកួតចំនួន៦ជុំ។
កូនក្រុមរបស់លោក Julen Lopetegui រកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត Champions League ចំនួន៦ជុំ។ ពួកគេត្រូវប្រឹងឱ្យបានល្អជាងនេះដើម្បីលើកពាន Europa League ឆ្នាំនេះ។
គូប្រជែងដំបូងរបស់ពួកគេថ្ងៃនេះគឺ Dinamo Zagreb ដែលបានឈានដល់វគ្គជ្រៅបំផុតរបស់ខ្លួននៅក្នុង Europa League ឆ្នាំនេះ។
ក្រុមក្រូអាស៊ីមួយនេះបានពង្រឹងខ្លួនឯងជាកម្លាំងខ្លាំងមួយនៅក្នុងការប្រកួតអឺរ៉ុបរដូវកាលនេះ ខណៈពួកគេមានក្រុមខ្លាំងល្មមអាចបង្កព្យុះភ្លៀងក្នុង Europa League ។
ក្រុមនេះបានយកឈ្នះលើក្រុម West Ham United នៅក្រៅដីក្នុងទីក្រុងឡុងដ៍ (០-១) ក្នុងការប្រកួតវគ្គចែកពូល ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល H។
Dinamo ក៏ស្ថិតនៅលើកំពូលតារាងលីកកំពូលក្រូអាស៊ីផងដែរ ដែលក្នុងនោះពួកគេបានឈ្នះ ៦ លើកជាប់ៗគ្នា រួមទាំងការឈ្នះ ២-១ កាលពីចុងសប្តាហ៍លើក្រុម Gorica ។
ប្រវត្តិជួបគ្នា
– ក្រុមទាំងពីរធ្លាប់ប៉ះគ្នានៅវគ្គចែកពូល CL កាលពី ៥ ឆ្នាំមុន។
– Sevilla ដណ្តើមបាន ៦ ពិន្ទុពេញពីការប្រកួតទាំង២ជើង ដោយមិនរបូតសូម្បី១គ្រាប់។
– Sevilla ឈ្នះ ៤-០ ទាំងក្នុងនិងក្រៅទឹកដី។
ផ្អែកលើប្រវត្តិ និងគុណភាពក្រុម ព្រមទាំងប្រៀបក្នុងទឹកដី យើងរំពឹង Sevilla ឈ្នះយ៉ាងតិចក៏ ២-០ ដែរ៕
Barcelona មិនរំពឹងឈ្នះ Napoli ដែលកំពុងឡើងជើងនៅអ៊ីតាលី