ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ វាជាពេជ្រពណ៌ខៀវដ៏ធំបំផុតនិងមានតម្លៃបំផុតមិនធ្លាប់យកមកដេញថ្លៃពីមុនមក។ ហើយវាជាពេជ្រទើបរកឃើញថ្មីៗនេះផងដែរ។
ពេជ្រដឺ បៀ ស្គូលីណាន ប្ល៊ូ( De Beers Cullinan Blue) ជាង ១៥ ការ៉ាត់នេះត្រូវបានជីកបានក្នុងឆ្នាំ ២០២១ នៅអណ្តូងរ៉ែត្បូងខល់លីណាន (Cullinan Mine) របស់អាហ្វ្រិកខាងត្បូង ដែលជាប្រភពកម្របំផុតមួយនៅលើពិភពលោកសម្រាប់ពេជ្រពណ៌ខៀវដ៏កម្រនេះ។
វានឹងត្រូវបានផ្តល់ជូននៅក្នុងការដេញថ្លៃនៅក្រុមហ៊ុន Sotheby’s Hong Kong នៅខែមេសា ហើយត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃលើសពី ៤៨ លានដុល្លារអាម៉េរិក។
អនុប្រធានក្រុមហ៊ុន Sotheby’s និងជានាយកផ្នែកលក់គ្រឿងអលង្ការលោក ហ្វ្រែង អេវើរ៉េត (Frank Everett) បាននិយាយថា គ្រឿងពេជ្រនេះគឺគួរឱ្យកត់សម្គាល់លើកម្រិតជាច្រើន។
លោកបាននិយាយថា “វាកម្រណាស់ ដោយសារទំហំ។ វាមានទម្ងន់ជាង ១៥ ការ៉ាត់។ វាមានពណ៌ខៀវរស់រវើក។ វាជាពេជ្រល្អឥតខ្ចោះគ្មានប្រតាកខាងក្នុង។ហើយទិដ្ឋភាពដ៏កម្របំផុតមួយរបស់វាគឺការកាត់ច្នៃចេញជារូបរាងដ៏ល្អឯក”។
លោកបន្តថា “ខ្ញុំគិតថាយើងនឹងឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពេជ្រនេះនៅពេលដែលថ្ងៃដេញថ្លៃមកដល់”៕
ពេជ្រ De Beers Cullinan Blue រំពឹងលក់ដេញថ្លៃបានជាង ៤៨ លានដុល្លារនៅខែមេសាខាងមុខនៅហុងកុង