ដោយៈ ប.ខុន / ភ្នំពេញៈ លូស្បៃមុង ចំនួន ១៤២ មាត់ របាំងស្បៃមុង ប្រវែង ៨.៨៨០ ម៉ែត្រ បង្គោលចំរឹង ចំនួន ២.៦៣០ ដើម ដែលជាឧបករណ៍ បម្រើដល់ការធ្វើនេសាទ ខុសច្បាប់ ត្រូវបានរុះរើ និងដុតបំផ្លាញចោល ដោយរដ្ឋបាលជលផល ខេត្តព្រៃវែង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីការពារត្រីមេពូជ ក្នុងបឹងនៅមូលដ្ឋាន។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ថាៈ ការងារបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍ នេសាទ ខុសច្បាប់ នៅក្នុងបឹង នៃភូមិសាស្ត្រ ខេត្តព្រៃវែង ត្រូវបានធ្វើការបង្ក្រាបជាប្រចាំ ដើម្បីការពារត្រីមេពូជ ទាំងនៅតំបន់អភិរក្ស និងតំបន់អនុញ្ញាត ឱ្យធ្វើនេសាទ ដែលគេប្រើ ឧបករណ៍ នេសាទខុសច្បាប់។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការងារបង្ក្រាប បទល្មើសនេសាទ ត្រូវបានធ្វើរាល់ថ្ងៃ ដោយឆ្លាស់វេណមន្ត្រី ។ ឧបករណ៍ស្បៃមុង ដែលធ្វើការបង្ក្រាបបាន រាល់ថ្ងៃ គេមិនមែនដាក់យកកូនត្រីទេ គឺដាក់យកមេពូជត្រី ដូចជា ត្រីឆ្លូញ និងត្រីកញ្ចុះ ដែលមានពងពេញៗពោះ រង់ចាំតែមានទឹកគ្រប់គ្រាន់ បញ្ចេញកូនមក ខាងក្រៅ មេពូត្រីទាំងនេះ ហើយដែលធ្វើឱ្យមានត្រីសម្បូរ ក្នុងមូលដ្ឋាន ប្រសិនបើយើង ការពារ បានមេពូជត្រីនោះ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផល ស្ទឹងស្លូត ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅចំណុចអូរប្រឡាយ ស្ថានីយ៍បូមទឹកខ្សាច់សរ ភូមិខ្សាច់សរ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានមួយករណី ពីបទនេសាទ ដោយឧបករណ៍ស្បៃមុង ត្រូវបានរុះរើបំផ្លាញចោល នៅកន្លែងនេសាទ រួមមាន លូស្បៃមុង ចំនួន១៩មាត់, របាំងស្បៃមុង ប្រវែង១.៨៧០ម៉ែត្រ, បង្គោលចម្រឹង ចំនួន៤០០ដើម, ចាក់លែងត្រីចម្រុះ ទម្ងន់១២គក្រ។

រំលឹកឱ្យដឹងថា ការងារបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹង នៃភូមិសាស្ត្រខេត្តព្រៃវែង ពីថ្ងៃ១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ខណ្ឌរដ្ឋបាលជលផលព្រៃវែង ធ្វើការបង្ក្រាបបានលូស្បៃមុង ចំនួន ១៤២ មាត់ របាំងស្បៃមុង ប្រវែង ៨.៨៨០ ម៉ែត្រ បង្គោលចំរឹង ចំនួន ២.៦៣០ ដើម និងចាក់លែងត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៨២ គីឡូក្រាម៕/V-PC