ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បុរសជនជាតិតួកគីម្នាក់ ដែលមានជំងឺមហារីកឈាម បានសម្រេចរឿងមិនគួរឱ្យជឿដោយធ្វើតេស្តិ៍វិជ្ជមានកូវីដ ៧៨ លើកជាប់ៗគ្នាក្នុងរយៈពេល ១៤ ខែនៅក្នុងអ្វីដែលគេជឿថាជាឯតទគ្គកម្មពិភពលោកសម្រាប់ការឆ្លងកូវីដសកម្មយូរបំផុត។
លោក មូហ្សាហ្វហ្វើ កាយ៉ាសាន (Muzaffer Kayasan) អាយុ ៥៦ ឆ្នាំបានចំណាយពេល ៤៤១ ថ្ងៃនៅដាច់ដោយឡែកពីគ្រួសាររបស់គាត់រួមទាំងចៅស្រីរបស់គាត់ឈ្មោះ អាហ្សារ៉ា (Azra) ដែលត្រូវស្នាក់នៅក្នុងសួនច្បារពេលទៅលេងផ្ទះល្វែងរបស់គាត់នៅទីក្រុងអ៊ីស្តង់ប៊ុល។
ជាធម្មតា អ្នកដែលមានរោគសញ្ញាកូវីដអាចធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីព្យាបាលរយៈពេលប្រហែល៥ថ្ងៃ ប៉ុន្តែសម្រាប់លោកកាយ៉ាសាន គាត់បានចំណាយពេល ១៤ ខែធ្វើតេស្តិ៍វិជ្ជមានជាប់រហូត។
វេជ្ជបណ្ឌិតជឿថាគាត់បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណាជាបន្តបន្ទាប់ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយរបស់គាត់ពីជំងឺមហារីក។
ទោះបីចេញចូលមន្ទីរពេទ្យតាំងពីខែវិច្ឆិកាឆ្នាំ ២០២០ ក៏ដោយ ក៏ស្មារតីរបស់លោកកាយ៉ាសាននៅតែខ្ពស់ហើយគាត់នៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដក្នុងពេលជាមួយគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមផងដែរ។
នៅពេលដែលគាត់បានដឹងថាការធ្វើតេស្តិ៍ PCR ចុងក្រោយរបស់គាត់គឺវិជ្ជមានម្តងទៀត លោកកាយ៉ាសានបាននិយាយកំប្លែងលេងកាលពីសប្តាហ៍មុនថា “ខ្ញុំគិតថានេះគឺជាកំណែស្រី(ថ្មី)នៃកូវីដ។ នាងច្បាស់ជាឈ្លក់វង្វេងនឹងខ្ញុំហើយមើលទៅ”។
លោកកាយ៉ាសាន ដែលរស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងរបស់គាត់អស់រយៈពេលជាច្រើនខែ តែងតែមានគ្រួសារមកសួរសុខទុក្ខដោយគាត់អាចនិយាយទៅកាន់ពួកគេបានតែតាមរយៈទ្វារកញ្ចក់របស់គាត់ប៉ុណ្ណោះ។
លោកកាយ៉ាសានបានប្រាប់ចៅស្រីរបស់គាត់ឈ្មោះ អាហ្សារ៉ាតាមរយៈម៉ាស់បន្ទាប់ពីហុចឱ្យនាងនូវទូរស័ព្ទជ័រក្មេងលេងថា “តានឹងលេងជាមួយចៅ នៅពេលដែលតាជាសះស្បើយ”៕
លោក មូហ្សាហ្វហ្វើ កាយ៉ាសាន នៅតែតេស្តិ៍វិជ្ជមានកូវីដក្នុងរយៈពេល១៤ខែចុងក្រោយនេះ