ដោយៈ គង់ហេង/ កំពង់ចាមៈ ខ្សែភាពយន្តដែលមានចំណងជើង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» មានប្រមាណ ៥២ ភាគបានពណ៌នាពីខ្សែជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រើប្រាស់រយៈពេលផលិតចំនួន មួយ ឆ្នាំនោះ គឺបានចាប់ថត ចេញពីទឹកដីខេត្តកំពង់ចាម។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍របស់គណៈកម្មការផលិតខ្សែភាពយន្តរឿងភាគជាប្រត្តិសាស្ត្រមួយនេះ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំសំណេះសំណាលជាមួយគណៈកម្មការនេះ ដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នៅវត្តកោះគល់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀមនារសៀលថ្ងៃទី ១៦ កុម្ភៈម្សិលមិញនេះ។
ប្រភពព័ត៌មាននោះបានបញ្ជាក់ទៀតថាៈ ការដែលគណៈកម្មការបានសម្រេចជ្រើសរើសយកទីតាំងចំនួនបួនស្រុក របស់ខេត្តកំពង់ចាមចុះថតដំបូងគេនេះ គឺដោយសារសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះពេញបូណ៌មី» ទាំង ៥២ ភាគនេះ ខេត្តកំពង់ចាមបានគ្របដណ្តប់ពី ៧០ ទៅ ៨០ ភាគរយ។ តាមពិតទីតាំងសាច់រឿងមួយចំនួន ត្រូវថតនៅខេត្តត្បូងឃ្មុំតែដោយសារសំណង់ ជាផ្ទះបុរាណចំនួនច្រើន ដែលនឹងត្រូវក្នុងសាច់រឿង ត្រូវនឹងបរិបទ សម័យកាលនោះ។
ប្រភពដដែលបានបន្ថែមថាៈ ការថតវគ្គទី១ នេះចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ២៤ កុម្ភៈ និងវគ្គទី២ ពីថ្ងៃទី ១ ដល់ ៩ មីនា និងការសម្រេចជ្រើសរើសយកទីតាំងថត នៅស្រុកកំពង់សៀម, ស្រុកកងមាស, ស្រុកស្ទឹងត្រង់ និងស្រុកកោះសូទិន គឺបានចុះសិក្សាស្រាវជ្រាវពីបួន ទៅប្រាំខែមុន។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលគណៈកម្មការផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានផ្តល់ថវិកាចំនួន ៤០លាន រៀល សម្រាប់ផ្គត់ផ្គង់ដល់គណៈកម្មការនេះ៕