ដោយៈ ពៅនិមល / ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំ ឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការ ដោយខ្លួនឯង ដើម្បីធ្វើការងារ ឱ្យមាន ប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្ត ជូនប្រជាពលរដ្ឋ។

ការលើកឡើង ខាងលើនេះ បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថាៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ជំរុញការនាំចេញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ ទៅកាន់ទីផ្សារចិន កូរ៉េ និងទីផ្សារអន្តរជាតិ ផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាសម្រេចបាន នាពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ជាដើម។

ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្ត ពីប្រជាពលរដ្ឋ លោក ប៉ាន សូរស័ក្តិ បានផ្តល់គោលការណ៍ណែនាំ លើការងារសំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ ខិតខំសម្រេច ឱ្យបាន រួមមានៈ

១.មន្ត្រីទាំងអស់ត្រូវបន្តខិតខំ ពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវ បទពិសោធន៍ ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេស រួមសហការគ្នា ចុះត្រួតពិនិត្យទំនិញ ដែលខូចគុណភាព នៅលើទីផ្សារ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារ សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
២.ត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តី ដែលមានស្រាប់ទៅ តាមជំនាញ។
៣.មន្រ្តីទាំងអស់ ត្រូវបន្តធ្វើសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញ គោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៤.បញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួម ស្តីពីកម្រងសេវាសាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៥.ត្រូវបន្តជំរុញពង្រឹងបន្ថែម យន្តការតាមដាន និងត្រួតពិនិត្យ ការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញ នៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយ បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផល សក្តានុពល ចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារ ចុងសប្តាហ៍ នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ តាមរយៈគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម។

៦.ពេលចុះអនុវត្តន៍ការងារ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បី រក្សាគម្លាតសង្គម សូមឲ្យត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល៕/V-PC