ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវបាន​ច្រានចោលទាំងស្រុងចំពោះ​ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បួនរូប ដែល​បង្កឱ្យមាន​ការ​ភ័ន្ត​ច្រ​ទ្បំ គ្មាន​ទំនួល​ខុសត្រូវ និង​ពុំ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​ពិត ពាក់ព័ន្ធ​នឹង​វិធាន​សុខាភិបាល និង​វិធានការ​ផ្លូវច្បាប់ អនុវត្ត​ចំពោះ​ការធ្វើ​កូដកម្ម​ខុសច្បាប់​ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​រំលេច​នូវ​តថភាព​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១៖ ពិធីសារ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​អនុលោម​យ៉ាង​ពេញលេញ​ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ ពីព្រោះ​វិធានការ​ទាំងនេះ​បម្រើ​ដល់​ប្រយោជន៍​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ដើម្បី​ការពារ​សុខភាព​សាធារណៈ ក៏ដូចជា​សិទ្ធិ​និង​សេរីភាព​របស់​អ្នកដទៃ​។ ការអនុវត្ត​សិទ្ធិ​ទាំងអស់​សុទ្ធតែ​មាន​ដែន​កំណត់​។ អាជ្ញាធរ​កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​វិជ្ជាជីវៈ និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នី​កម្ម​លើ​ការឆ្លើយតប​ទៅនឹង​បញ្ហា​សុខភាព​សាធារណៈ មិន​ដូច​ក្រុម​មួយចំនួន​ដែល​ប្រើប្រាស់​សិទ្ធិមនុស្ស​ជា​អាវុធ​វាយប្រហារ​នោះ​ទ្បើ​យ​។​

​ទី​២៖ ការចោទប្រកាន់ថា “​ក្រុមបាតុករ​រាប់រយ​នាក់ នៅតែ​មិនទាន់​ដឹង​លទ្ធផល​ធ្វើតេស្ដ​សំណាក​របស់ខ្លួន ឬ​មិនដឹង​ច្បាស់​ថា តើ​ពេលណា​ពួកគេ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់​ធ្វើ​ច​ត្តា​ទ្បី​ស័ក​” គឺ​ពិតជា​បង្ហាញ​យ៉ាងច្បាស់​ថា អ្នក​កាន់​អាណត្តិ​ពិសេស​អស់ទាំងនោះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រភពព័ត៌មាន​តែមួយ​ជ្រុង និង​ពុំបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ នោះទេ​។ ទង្វើ​បែបនេះ គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ “​ក្រមសីលធម៌​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​”​។ អ្នក​កាន់​អាណត្តិ​ពិសេស​អាច​បញ្ជូន​ភស្តុតាង​រឹងមាំ​មកកាន់​អាជ្ញាធរ​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ដោយ​ស្របតាម​នីតិវិធី​ជា​ធរមាន​។ សេចក្តីណែនាំ​ជា​លាយលក្ខណ៍អក្សរ​រប​ស់​អាជ្ញាធរ​កម្ពុជា​ត្រូវ​បានប្រកាស​ជម្រាបជូន​សាធារណជន​យ៉ាង​ទូលំទូលាយ និង​ច្បាស់លាស់​រួចហើយ​។

​ទី​៣៖ ការ​អះអាងថា កូដកម្ម​នោះ​ស្របច្បាប់ គឺជា​ការយល់​ខុស​ទាំងស្រុង​។ កម្មករនិយោជិត​និង​សហជីព​មាន​សិទ្ធិ​ធ្វើ​កូដកម្ម ក៏ប៉ុន្តែ​ត្រូវបំពេញ​លក្ខខណ្ឌ​ចាំបាច់​នានា មុន​កូដកម្ម​នោះ​អាច​ធ្វើឡើង​ដោយ​ស្របច្បាប់​បាន​។ គណៈកម្មាធិការ​ទទួល​បន្ទុក​សេរីភាព​នៃ​ការបង្កើត​សមាគម របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​បញ្ជាក់ថា ភាពស្របច្បាប់​នៃ​ការធ្វើ​កូដកម្ម​គឺ​ត្រូវ​ប្រកាស​ដោយ​ស្ថាប័ន​ឯករាជ្យ​(​ក្រៅពី​រដ្ឋាភិបាល​)​ជាមុនសិន​។ ការពិត​គឺថា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ប្រាប់​រួចមកហើយ​ថា កូដកម្ម​ទាំងនោះ​ពុំ​ស្របច្បាប់​ទ្បើ​យ​។ ទោះបីជា​បែបនេះ​ក្តី អាជ្ញាធរ​កម្ពុជា​ក៏បាន​រក្សា​ភាព​អត់ធ្មត់​ជាទីបំផុត និង​បាន​អំពាវនាវ​ជាច្រើនលើក​ច្រើនសារ ស្នើសុំ​កូដ​ករ​ទាំងនោះ​ឱ្យ​ងាក​មករក​ការចរចា​ដោយ​សន្តិវិធី ត្រង់​ទៅ​ត្រង់​មក និង​បញ្ឈប់​ការធ្វើ​បាតុកម្ម​ខុសច្បាប់​របស់ខ្លួន ដែល​អូស​បន្លាយពេល​ជាច្រើន​ខែ និង​គំរាមកំហែង​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំង​សុខភាព​សាធារណៈ​។

​ទី​៤៖ ការអត្ថាធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស​ពាក់ព័ន្ធ​នឹង​លទ្ធផល​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ បង្ក​ការ​ភ័ន្ត​ច្រ​ទ្បំ​។ ការពិត​នោះ​គឺ យ៉ាងហោចណាស់​បាតុករ​ចំនួន​៥៨ នាក់ បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន ចាប់តាំងពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ មកម្ល៉េះ​។ ប្រការនេះ​បង្ហាញថា ការធ្វើ​តេស្ត​រុក​រក​នេះ គឺ​បាន​ទាន់ពេលវេលា ស្របច្បាប់ និង​ចាំបាច់​។ តំណាង​អង្គការ​សុខភាព​ពិភពលោក​​ប្រចាំ​កម្ពុជា នាពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា ” វា​កាន់តែ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​ឥឡូវនេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​កាត់បន្ថយ​ការចម្លង​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ពី​ការឆ្លង​ចូលក្នុង​សហគមន៍ ដើម្បី​យើង​អាច​ការពារ​ប្រព័ន្ធ​សុខាភិបាល​របស់​យើង​ពីរ​លក​បោកបក់​ករណី​ឆ្លង​ដែល​ពិបាក​ទប់ទល់ និង​ដើម្បី​បញ្ចៀស​ពី​ការបិទ​ប្រទេស​ដ៏​តឹងរ៉ឹង​ណាមួយ​។ ឥ​ទ្បូ​វ​នេះ មិនមែនជា​ពេលដែល​យើង​ត្រូវ​ដក​របាំង​ការពារ​នេះ នៅ​កម្ពុជា​ឡើយ​”​។​

​ទី​៥៖ ការធ្វើ​កូដកម្ម​ដែល​ស្របតាម​ច្បាប់​ការងារ មិនដែល​ត្រូវបាន​ហាមឃាត់​ទេ​។ ប្រសិនបើ ទីកន្លែង​សាធារណៈ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការប្រមូលផ្តុំ ទង្វើ​នេះ​ក្លាយជា​បាតុកម្ម ដែល​ត្រូវអនុវត្ត​ឱ្យបាន​ស្របតាម​ច្បាប់​ស្តីពី ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​ដែរ កម្ពុជា​បាន​បម្រុង​ទុកជា​ពិសេស​ទីលាន​សម្រាប់​ពលរដ្ឋ​ដែលមាន​បំណង​ចង់​សម្ដែង​មតិ​របស់ខ្លួន​។ ប្រការនេះ​គឺ​ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​សេរីភាព​ក្នុងការ​ជួបជុំ​ដោយ​សន្តិវិធី​។​

​ជាទី​បញ្ចប់ បុគ្គល​តាំងខ្លួន​ជា​អ្នកជំនាញ​សិទ្ធិមនុស្ស​ខាងលើ ដែល​ពុំមែន​ជា​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​ធ្វើការ​ក្នុង​សមាសភាព​ផ្ទាល់ខ្លួន តែងតែ​ទាមទារ​ថា អ្វីៗ​គួរ​ត្រូវបាន​អនុវត្ត ផ្អែកលើ​ទ្រឹស្តី​សិទ្ធិមនុស្ស​របស់ខ្លួន​។ ក៏ប៉ុន្តែ តើ​ពួកគាត់​ហ៊ាន​អះអាងថា នឹង​ទទួលខុសត្រូវ​ដែរឬទេ ប្រសិនបើ​ការពិសោធន៍​ទស្សនៈ​ពួកគាត់​បរាជ័យ​នោះ​? វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​រាយការណ៍​ពិសេស​ខាងលើ ត្រូវបំពេញ​ការងារ ដោយ​គោរព​ភាព​ដោយឡែក​នៃ​ប្រទេស​នីមួយៗ និង​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​ពិត និង​គណនេយ្យភាព ព្រមទាំង​មិនត្រូវ​ធ្វើ​ន​យោ​បា​យូ​ប​នី​កម្មឡើយ​៕ សរន