ប្រែសម្រួលៈបំណង(VnExpress)៖ កុងតេនឺទំនិញវៀតណាមជិត២.០០០ ដែលជាង៨០ភាគរយដឹកកសិផលស្រស់ កំពុងជាប់នៅច្រកព្រំដែនវៀតណាម-ចិនចំនួនបីនៅក្នុងខេត្តឡាង សឺន( Lang Son)ភាគខាងជើងនៅពេលអាជ្ញាធរចិនបន្តរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ១៩។
មន្ត្រីនាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តបាននិយាយថា វាត្រូវចំណាយពេល១០ទៅ១៥ថ្ងៃទម្រាំកុងតេនឺមួយៗឆ្លងផុតការត្រួតពិនិត្យ។ខេត្តបានរាយការណ៍ករណីនេះទៅកាន់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ហើយបានសុំធ្វើការចរចាកំរិតខ្ពស់ជាមួយភាគីចិនដើម្បីបញ្ចប់ការកកស្ទះ។
អាជ្ញាធរខេត្តឡាងសឺនបានបញ្ឈប់ការបញ្ជូនទំនិញផ្លែឈើថ្មីរហូតដល់ថ្ងៃ២៥កុម្ភៈ។
សូមបញ្ជាក់ថា ការកកស្ទះឡានកុងតេនឺនៅព្រំដែនបានកើតឡើងចាប់តាំងពីចុងឆ្នាំមុន តែត្រូវបានដោះស្រាយបានមួយចំនួនក្នុងអំឡុងពេលចូលឆ្នាំថ្មីកាលពីដើមខែនេះ។
ការកកស្ទះជាថ្មីនាពេលឥឡូវនាំអោយពួកអ្នកនាំចេញកសិផលនិងក្រុមហ៊ុនដឹកជញ្ជូនខាតបង់។
ចិនជាទីផ្សារនាំចេញធំផុតទី២របស់វៀតណាម សំរាប់កសិផលរួមមានបន្លែផ្លែឈើ ជលផលនិងព្រៃឈើ បន្ទាប់ពីសហរដ្ឋអាម៉េរិក ដោយរកចំណូលបាន៨,៤ពាន់លានដុល្លារនៅ១១ខែដំបូងកាលពីឆ្នាំមុន៕
កុងតេនឺជាប់នៅព្រំដែនវៀតណាម-ចិនក្នុងខេត្តឡាងសឺនកាលពីថ្ងៃ១៤កុម្ភៈ